ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua រាយការណ៍ថា ការិយាល័យគយវៀតណាមប្រកាសថា ប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) ស្មើនឹង១.២៥០លានដុល្លារអាមេរិក ។ នេះជាលើកដំបូងហើយ ដែលប្រាក់ចំណូលការនាំចេញបន្លែ និងផ្លែឈើវៀតណាម កើនឡើងលើស១ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសដំបូង ។
បើតាមរបាយការណ៍បញ្ជាក់ថា តួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម នាថ្ងៃអនាគត ។ រីឯប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើ ជាពិសេស នៅខែមីនា ឆ្នាំ២០២៤ (ត្រឹមតែ១ខែប៉ុណ្ណោះ) បានកើនឡើងរហូតដល់៤៣៣លានដុល្លារអាមេរិក គឺកើនឡើងជិត៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែកប្រទេសចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ថៃ និងជប៉ុន គឺជាទីផ្សារចម្បងសម្រាប់ការនាំចេញបន្លែ និងផ្លែឈើវៀតណាម ។
មន្ត្រីសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា ការនាំចេញបន្លែ និងផ្លែឈើកើនឡើងនៅត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ គឺបណ្តាលមកពីការនាំចេញផ្លែទុរេនវៀតណាមខុសរដូវកាលកើនឡើង ។ រីឯការបរិភោគផ្លែទុរេនវៀតណាមកើនឡើងនៅប្រទេសថៃ បានធ្វើឱ្យថៃក្លាយជាប្រទេសនាំចូលបន្លែ និងផ្លែឈើវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ។
ចំណែកក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានព្យាករថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ទាំងមូល នឹងកើនឡើងរហូតដល់៦.៥០០លានដុល្លារអាមេរិក ។ កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបានបំបែកកំណត់ត្រាការនាំចេញបន្លែ និងផ្លែឈើក្នុងបរិមាណច្រើនបំផុត ក្នុងនោះប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើនៅឆ្នាំ២០២៣ គឺស្មើជិត៥.៦០០លានដុល្លារអាមេរិក ៕










