តារាចម្រៀង Taylor Swift និងមិត្តប្រុស Travis Kelce បានចំណាយពេលវេលាដ៏ផ្អែមល្ហែមនៅឯមាត់សមុទ្រដ៏ស្រស់ស្អាតកាលពីពេលថ្មីៗនេះនៅលើកោះ Harbor នៃទឹកដី Bahamas ។ ទន្ទឹមនឹងការចាប់អារម្មណ៍ចំពោះអ្នកទាំងពីរ កន្លែងស្នាក់នៅរបស់ពួកគេក៏ជាទីចាប់អារម្មណ៍របស់ទស្សនិកជនដូចគ្នាព្រោះត្រូវចំណាយទឹកប្រាក់រហូតដល់ ១៥,០០០ ដុល្លារក្នុងមួយយប់។ តើមានអ្វីដែលពិសេសខ្លះបានជាការស្នាក់នៅរបស់ពួកគេថ្លៃបែបនេះ?
តាមប្រភពពី pagesix បានរាយការណ៍ថា Taylor Swift និងគូស្នេហ៍បានជ្រើសរើស Rosalita House នៅលើកោះ Harbor សម្រាប់ថ្ងៃសម្រាកលំហែកាយរបស់ពួកគេ។ កន្លែងដ៏ប្រណីតនេះ
ស្ថិតនៅលើជម្រាលភ្នំ និងមានខ្សាច់ដ៏ស្រស់ស្អាត ជាកន្លែងនៅជាប់មាត់សមុទ្រដ៏អស្ចារ្យដែលបានធ្វើឡើងសម្រាប់ភាពអស្ចារ្យ និងលក្ខណៈពិសេសគួរឱ្យភ្ញាក់ផ្អើល។
ផ្ទះវីឡានេះអាចផ្ទុកភ្ញៀវបាន ១២នាក់ មានបន្ទប់គេងចំនួន៦ អាងហែលទឹកដ៏ស្រស់បំព្រង សួនច្បារដ៏ប្រណីត និងកន្លែងហាត់ប្រាណដែលបំពាក់យ៉ាងពេញលេញជាមួយនឹងឧបករណ៍ហាត់ប្រាណចុងក្រោយបង្អស់ ក្នុងចំណោមគ្រឿងបរិក្ខារពិសេសៗជាច្រើន។ការរចនាខាងក្នុងរបស់ផ្ទះវីឡាត្រូវបានបំផុសគំនិតដោយមាត់សមុទ្រ ដែលបង្ហាញពីកន្លែងសម្រាកលំហែដ៏ប្រណីតជាមួយនឹងទិដ្ឋភាពនៃសមុទ្រ។
បន្ទប់គេងនីមួយៗសុទ្ធតែមានបន្ទប់ទឹកក្នុងបន្ទប់គេង ពូកល្អប្រណីត និងផ្តល់នូវទេសភាពដ៏អស្ចារ្យពីយ៉រឯកជន រួមទាំងច្រកចូល។ជាងនេះទៅទៀត ផ្ទះវីឡាផ្តល់ការចូលដោយផ្ទាល់ទៅកាន់ឆ្នេរលាក់កំបាំង ដែលភ្ញៀវអាចរីករាយជាមួយសកម្មភាពជាច្រើនសម្រាប់ថ្ងៃដ៏រីករាយ ឬស្ងប់ស្ងាត់ក្រោមពន្លឺថ្ងៃ។
លើសពីនេះ តាមប្រភពពី Yaho Entertainment បានរាយការណ៍ថាបុគ្គលិករបស់វីឡារួមមានមេចុងភៅផ្ទាល់ខ្លួន និងជំនួយការមេចុងភៅ អ្នកគ្រប់គ្រងវីឡា មេផ្ទះបីនាក់ អ្នកបម្រើបីនាក់ អ្នកមើលការខុសត្រូវបីនាក់ និងមន្ត្រីសន្តិសុខពេលយប់ម្នាក់។
យោងតាមគេហទំព័រផ្លូវការរបស់អចលនៈទ្រព្យ ភ្ញៀវដែលស្នាក់នៅ Rosalita House មានអាហារដ៏សម្បូរបែប ហើយបន្លែបង្ការបានដាំដុះនៅទីនោះផ្ទាល់ មានអ្នករៀបចំឱ្យមួយចប់មិនថាភ្ញៀវចង់ទទួលទានអាហារក្នុងផ្ទះ ឬខាងក្រៅឡើយគឺរៀបចំទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ៕










