ប្រទេសសិង្ហបុរី ៖ ច្បាប់ផ្សែងអ័ព្ទឆ្លងព្រំដែន (Transboundary Haze Pollution Act) របស់ប្រទេសសិង្ហបុរី បានអនុវត្តចាប់ពីឆ្នាំ២០១៤ មកម៉្លេះ ហើយច្បាប់នេះបានជួយឱ្យប្រទេសសិង្ហបុរីអាចដោះស្រាយបញ្ហាធូលី PM 2.5 បានដោយជោគជ័យ ដែលបណ្តាលមកពីភ្លើង ឆេះ ព្រៃនៅប្រទេសជិតខាង គឺឥណ្ឌូណេស៊ី ។
ច្បាប់នេះបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ខណៈឥណ្ឌូណេស៊ី ជាប្រទេសជិតខាងរបស់សិង្ហបុរី បានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃខ្លាំងក្លា រហូតបណ្តាលឱ្យមានផ្សែងមកដល់សិង្ហបុរី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពអាកាសធាតុ ។ ហេតុនេះ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតច្បាប់ផ្សែងអ័ព្ទឆ្លងព្រំដែន (Transboundary Haze Pollution Act) ។
ច្បាប់នេះចែងថា ក្រុមហ៊ុនណាក៏ដោយ មិនថាស្ថិតនៅក្នុង ឬក្រៅប្រទេសក្តី ដែលបានគាំទ្រការដុតព្រៃដោយផ្ទាល់ ឬដោយប្រយោល និងមានចំណែករួមធ្វើឱ្យមានផ្សែង ធូលី បក់មកធ្វើឱ្យប៉ះពាល់ដល់បរិយាកាសសិង្ហបុរី ក្រុមហ៊ុននោះនឹងត្រូវឡើងតុលាការ និងបង់ប្រាក់ពិន័យឱ្យសិង្ហបុរី ស្មើទឹកប្រាក់១សែនដុល្លារក្នុង១ថ្ងៃ ។ រីឯប្រាក់ពិន័យខ្ពស់បំផុត គឺស្មើនឹង២លានដុល្លារ ។
ប្រទេសសិង្ហបុរីបានរឹងបន្តឹងបញ្ហានេះខ្លាំងណាស់ ដោយសារប្រាក់ពិន័យនេះនឹងគិតតាមចំនួនថ្ងៃ ដែលបំពុលបរិយាកាសនៅសិង្ហបុរី ។ ហេតុនេះ ប្រសិនបើក្រុមហ៊ុនណាមួយដោះស្រាយបញ្ហាយឺតយ៉ាវ ពួកគេនឹងត្រូវបង់ប្រាក់ពិន័យប្រចាំថ្ងៃកាន់តែច្រើនថែមទៀត ។.jpg)
ការតម្រូវឱ្យបង់ប្រាក់ពិន័យនេះនឹងធ្វើឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ដែលបង្កបញ្ហា ត្រូវតែប្រញាប់ដោះស្រាយឱ្យបានឆាប់រហ័សបំផុត បើទោះជាច្បាប់នេះពុំបានដោះស្រាយបញ្ហាតាំងពីដើមទីក្តី ប៉ុន្តែវាជាវិធីមួយដែលធ្វើឱ្យរដ្ឋាភិបាលសិង្ហបុរី ឬសូម្បីតែប្រទេសជិតខាង អាចដោះស្រាយបញ្ហាភ្លើងឆេះព្រៃបាន ។ ជាក់ស្តែង ប្រទេសឥណ្ឌូណេស៊ី ក៏បានបង្កើតប្រព័ន្ធត្រួតពិនិត្យភ្លើងឆេះព្រៃ និងការដុតនៅតាមទីវាល ដើម្បីត្រួតពិនិត្យប្រភពបណ្តាលឱ្យកើតភ្លើងឆេះព្រៃកាន់តែខ្លាំង ។
កាលពីឆ្នាំ២០២៥ ប្រទេសសិង្ហបុរីបានចាប់ផ្តើមចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនចំនួន៤ របស់ឥណ្ឌូណេស៊ី ដូចជា ៖ PT Bumi Andalas Permai, PT Bumi Mekar Hijau, PT Sebangun Bumi Andalas Woods Industries និង PT Rimba Hutani Mas ដែលមានទីស្នាក់ការនៅសិង្ហបុរី និងជាសាខារបស់ក្រុមហ៊ុនផលិតក្រដាស Asia Pulp and Paper ។
ក្រៅពីការចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនទាំងនេះហើយ ប្រទេសសិង្ហបុរី ក៏មានវិធានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនណា ដែលផលិតទំនិញបំផ្លាញបរិស្ថានផងដែរ ដើម្បីកុំឱ្យពួកគេលក់ទំនិញនៅសិង្ហបុរី ។
ភ្លើងឆេះព្រៃភាគច្រើននៅប្រទេសជិតខាង គឺដោយសារក្រុមហ៊ុនបញ្ជាឱ្យដុតព្រៃ ឬបំផ្លាញផ្ទៃដីកសិកម្មឱ្យឆាប់រហ័ស និងទទួលបានទិន្នផលឆាប់បំផុត ។ ម្យ៉ាងទៀត ភ្លើងឆេះព្រៃអាចបណ្តាលមកពីទង្វើរបស់ក្រុមហ៊ុនមួយធ្វើដាក់ក្រុមហ៊ុនមួយទៀត ដោយសារពួកគេមិនត្រូវរ៉ូវគ្នា ។ រីឯក្រុមហ៊ុនដែលគាំទ្រឱ្យមានការដុតព្រៃ មានដូចជា ៖ ក្រុមហ៊ុនដូងប្រេង, ក្រុមហ៊ុនឈើ, ក្រុមហ៊ុនផលិតក្រដាស និងក្រុមហ៊ុនថ្នាំជក់ ជាដើម ៕










