ផ្លូវដែក ឬផ្លូវរថភ្លើងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគមនាគមន៍ នៅក្នុងប្រទេសនានាលើពិភពលោក ពិសេសនៅតាមបណ្ដាប្រទេសដែលមានផ្ទៃដីធំៗ សេដ្ឋកិច្ចខ្លាំង និងមានប្រជាជនច្រើន។ ដូច្នេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានបណ្ដាញផ្លូវដែកវែងជាងគេបំផុតនៅលើពិភពលោក?
១.សហរដ្ឋអាមេរិក៖ ដោយប្រទេសមហាអំណាចនេះមានផ្ទៃដីធំធេង និងមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌានោះ បានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការសាងសង់បណ្ដាញផ្លូវដែកវែងៗជាច្រើនខ្សែ ដែលមានប្រវែងសរុប ២៥០,០០០ គីឡូម៉ែត្រ ក្លាយជាបណ្តាញដ៏វែងបំផុតនៅក្នុងពិភពលោក។
២.ប្រទេសចិន៖ ចិនគឺជាប្រទេសមហាយក្សអាស៊ីដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក ដែលបណ្តាញផ្លូវដែករបស់ប្រទេសនេះមានប្រវែងជាង ១០០,០០០ គីឡូម៉ែត្រ ជាប់ចំណាត់ថ្នាក់ជាបណ្តាញផ្លូវដែកដ៏វែងបំផុតទីពីរនៅក្នុងពិភពលោក។ បណ្តាញដ៏ធំទូលាយនេះដំណើរការដោយសាជីវកម្មផ្លូវដែកចិនគ្រប់គ្រងដោយរដ្ឋបានដឹកអ្នកដំណើរ ២.០៨ ពាន់លាននាក់។
៣.ប្រទេសរុស្ស៊ី៖ រុស្ស៊ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក ទោះបីជាចំនួនប្រជាជនមិនច្រើនដូចប្រទេសធំៗផ្សេងទៀតក៏ដោយ ប៉ុន្តែប្រទេសយក្សមួយនេះត្រូវការផ្លូវដែកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម។ ហេតុនេះហើយ សម្រាប់បណ្ដាញផ្លូវដែកក្នុងប្រទេសនេះមានប្រវែង ៨៥.៥០០ គីឡូម៉ែត្រ។
៤.ប្រទេសឥណ្ឌា៖ ឥណ្ឌាជាប្រទេសដែលមានបណ្តាញផ្លូវដែកវែងជាងគេទី ៤ នៅលើពិភពលោក ជាមួយបណ្តាញផ្លូវដែកដែលមានប្រវែងជាង ៦៥,០០០ គីឡូម៉ែត្រ។ បណ្តាញនេះបានដឹកអ្នកដំណើរប្រហែល ៨ ពាន់លាននាក់ (ខ្ពស់បំផុតនៅលើពិភពលោក) និង ១.០១ លានតោននៃទំនិញ។
៥.ប្រទេសកាណាដា៖ ភូមិសាស្ត្រប្រទេសនេះ ភាគច្រើនគ្របដណ្ដប់ទៅដោយទឹកកកដូចប្រទេសរុស្ស៊ីដែរ។ ប្រទេសកាណាដាមានបណ្ដាញផ្លូវដែកប្រវែងសរុប ៤៨,០០០ គីឡូម៉ែត្រ ធ្វើឱ្យបណ្តាញជាតិរបស់ខ្លួនក្លាយជាបណ្តាញដែលវែងជាងគេទី ៥ នៅលើពិភពលោក។ ផ្លូវដែកជាតិកាណាដា (CN) និងផ្លូវដែកកាណាដាប៉ាស៊ីហ្វិក (CPR) គឺជាបណ្តាញផ្លូវដែកដឹកទំនិញធំពីរដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ខណៈដែលក្រុមហ៊ុន Via Rail ដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរចម្ងាយ ១២,៥០០ គីឡូម៉ែត្រ។










