បរទេស៖ កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស និងហូឡង់ បានដាក់ប្រទេសរុស្សីក្នុងបញ្ជីខ្មៅដោយហាមប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះបច្ចុប្បន្នកំពុងមានការវាយប្រហារភេរវកម្មនៅសាលមហោស្រព Crocus City Hall។
Crocus City Hall គឺជាសាលមហោស្រពដ៏ធំបំផុតនៅក្នុងប្រទេសរុស្ស៊ីត្រូវបានសាងសង់ និងសម្ពោធក្នុងឆ្នាំ ២០០៩ ដើម្បីឧទ្ទិសដល់ Muslim Magomayev (១៩៤២-២០០៨) ដែលជាអ្នកចម្រៀងដ៏ល្បីល្បាញក្នុងសម័យសូវៀត និងមានដើមកំណើតមកពីប្រទេស Azerbaijan។ នេះក៏ជាកន្លែងកម្សាន្តទិញទំនិញប្រណីតសម្រាប់អ្នកមាននិងល្បីឈ្មោះក្នុងទីក្រុងមូស្គូផងដែរ។ Crocus City Hall គឺជាកន្លែងដ៏ពេញនិយមបំផុត ដែលភ្ញៀវបរទេសជាច្រើនបានជ្រើសរើសកន្លែងនេះជាកន្លែងសម្រាប់ព្រឹត្តិការណ៍សំខាន់ៗផ្សេងៗ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ីកំពុងមានការចលាចលខ្លាំង បន្ទាប់ពីមានការបាញ់ប្រហារលើអ្នកប្រគុំតន្ត្រីចំនួន ៦០០០នាក់ នៅសាលមហោស្រព Crocus City Hall ក្នុងទីក្រុង Krasnogorsk ដែលការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ស្លា.ប់ និង ១៨២ នាក់ទៀតរងរបួស។
ការិយាល័យបរទេសរបស់អង់គ្លេស កាណាដា ហូឡង់ និងអាមេរិក បានណែនាំដល់ភ្ញៀវទេសចរដែលកំពុងស្ថិតក្នុងទីក្រុងមូស្គូឱ្យជៀសវាងការទៅកន្លែងជួបជុំធំៗ ដូចជាការប្រគុំតន្ត្រី កន្លែងទេសចរណ៍ល្បីៗ ពិធីបុណ្យ សកម្មភាពសាសនា ឬតំបន់ដែលមិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយសន្តិសុខ ដូចជាទីផ្សារក្នុងស្រុក ក៏ដូចជាជៀសវាងការទៅកន្លែងដែលមានមនុស្សច្រើនដើម្បីធានាសុវត្ថិភាព។
ម្យ៉ាងវិញទៀតបើយោងតាម អាជ្ញាធរកាណាដា ក៏បានកត់សម្គាល់ដែរថា អ្នកទេសចរគួរតែចាកចេញពីប្រទេសរុស្ស៊ីឱ្យបានឆាប់ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍នៅតែដំណើរការ។ ប្រសិនបើនៅតែស្នាក់នៅក្នុងប្រទេសរុស្ស៊ីអ្នកទេសចរត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្នបំផុត។ គួរបញ្ជាក់ដែរថា នៅចុងឆ្នាំ ២០២៣ ប្រទេសជាង ៤០ នឹងបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបម្រើតម្រូវការការធ្វើដំណើរ និងទេសចរណ៍ ដែលចំនួនអ្នកទេសចររុស្ស៊ីដែលធ្វើដំណើរទៅក្រៅប្រទេសបានងើបឡើងវិញប្រហែល ៨៦% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។
នៅអំឡុងឆ្នាំ ២០២០-២០២២ (មុនសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន) ជនជាតិអ៊ុយក្រែនបានមករុស្ស៊ីច្រើនជាងគេ។ បច្ចុប្បន្ននេះ ទីផ្សារធំៗចំនួន ៦ ដែលបញ្ជូនភ្ញៀវទេសចរទៅកាន់ប្រទេសរុស្ស៊ីរួមមាន ឥណ្ឌា ចិន អារ៉ាប៊ីសាអូឌីត អូម៉ង់ អារ៉ាប់រួម និងអ៊ីរ៉ង់។ ដូច្នេះឧស្សាហកម្មទេសចរណ៍របស់រុស្ស៊ីត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវអន្តរជាតិចំនួន ១៦ លាននាក់នៅឆ្នាំ ២០៣០ នេះបើយោងតាមទិន្នន័យពីសមាគមទេសចរណ៍រុស្ស៊ី (ATOR) ៕










