ល្បែងប្រជាប្រិយខ្មែរ មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ប៉ុន្តែងាកមកមើលសម័យបច្ចុប្បន្នវិញ ល្បែងប្រជាប្រិយខ្មែរហាក់មិនសូវក្លាយជាទីពេញនិយមក្នុងចំណោមយុវវ័យខ្មែរដូចកាលពីសម័យមុននោះទេ។
ជាការពិត ល្បែងប្រជាប្រិយខ្មែរនីមួយៗសុទ្ធតែបានបង្កប់នូវអត្ថន័យ អត្ថប្រយោជន៍ និងគតិអប់រំល្អៗ ដែលបច្ចុប្បន្ននេះស្ទើរតែមិនសូវមានអ្នកដឹង។ ល្បែងប្រជាប្រិយទាំងអស់សុទ្ធតែបានបង្ហាញអំពីការអំណត់តស៊ូ សាមគ្គីភាពគ្នា (ខ្មែររួមតែមួយ) ក៏ដូចជាមានការព្យាយាម អត់ធ្មត់ដើម្បីសម្រេចបាននូវការងាររួមណាមួយ តួយ៉ាងដូចជា ល្បែងទាញព្រ័ត្រ។
ម៉្យាងវិញទៀត ល្បែងប្រជាប្រិយខ្មែរ បើទោះបីជាការលេងសម្រាប់កម្សាន្តសប្បាយក៏ពិតមែន ប៉ុន្តែ វាបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលខ្មែរ ដោយហេតុថា ដើម្បីឲ្យស្រុកភូមិខ្លួនបានស្ងប់សុខ លុះត្រាតែមានការស្រលាញ់ ការពារ ជួយយកអាសារគ្នាទៅវិញទៅមក ដែលទាំងនេះសុទ្ធតែបានបង្ហាញនៅក្នុងសកម្មភាពផ្សេងៗនៃល្បែងប្រជាប្រិយ។ ឧទាហរណ៍ ល្បែងចាប់កូនខ្លែងប្រឡែងកូនមាន់។
ទោះជាយ៉ាងណា ប្រវត្តិនៃការលេងល្បែងប្រជាប្រិយខ្មែរ គឺបង្កើតឡើងដោយសាមញ្ញជនធម្មតា ពោលគឺប្រជាជនដែលរស់នៅតាមស្រុកភូមិនីមួយៗ ដើម្បីធ្វើជាការកម្សាន្ត បន្ទាប់ពីធ្វើស្រែចម្ការហត់ ក៏ដូចជាដើម្បីសាទរដល់ភាពអំណោយផលល្អនៃទិន្នផលដំណាំរបស់ពួកគេជាដើម។
គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាត ដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាដើម៕










