ប្រទេសថៃ ៖ ចាប់តាំងពីក្បាលរហូតដល់ចុងជើងរបស់ស្ត្រីម្នាក់ឈ្មោះ Jiranan Chinmat គឺពោរពេញទៅដោយស្នាមសាក់យ័ន្តទាំងអស់ សូម្បីតែម្រាមដៃ ដោយសារស្រឡាញ់ខ្លាំងពេក ដោយសាក់អក្សរ និងរូបរាងសត្វផ្សេងៗ ដូចជា ៖ ខ្លា, តោ, ជីងចក់, គង្គក់ និងសត្វផ្សេងទៀត ។ អ្នកស្រី Jiranan ប្រាប់ថា ពេលណាទំនេរ ខ្លួនបានទៅសាក់យ័ន្តនៅលើខ្លួនប្រាណជារៀងរាល់ខែ អស់រយៈពេល១៤ឆ្នាំហើយ រហូតដល់មានស្នាមសាក់ពេញទាំងអស់ ។
អ្នកស្រី Jiranan Chinmat បន្តថា មនុស្សគ្រប់គ្នាបានសួរគាត់ជាញឹកញាប់ថា ហេតុអ្វីបានជាសាក់លើខ្លួនប្រាណគ្មានសល់ចន្លោះបែបនេះ? ហើយឪពុក-ម្តាយមិនខ្មាសគេទេឬ? អ្នកស្រីក៏ឆ្លើយតបទៅវិញថា តើចាំបាច់មកឈឺក្បាលជំនួសខ្ញុំធ្វើអ្វី? បើឪពុក-ម្តាយខ្ញុំ មិនខ្មាសគេផងហ្នឹង ។ អ្នកស្រីថា «ខ្ញុំធ្វើការឱ្យខ្លួនឯង និងពុំបានទៅស៊ីឈ្នួលអ្នកណាទេ ។ កាលពីពេលសាក់ដំបូង អតិថិជនឃើញខ្ញុំខ្លាច ប៉ុន្តែក្រោយមក ពួកគេក៏ព្រមទទួលស្គាល់» ។
អ្នកស្រីបន្តថា ចំណែកអ្នកនៅជុំវិញខ្លួនវិញ អ្នកខ្លះមិនរើសអើងទេ ប៉ុន្តែអ្នកខ្លះទៀតរើសអើងខ្លាំង ហើយសួរថា ហេតុអ្វីចាំបាច់សាក់យ័ន្តច្រើនពេញខ្លួនបែបនេះ? ប៉ុន្តែអ្នកស្រីមិនខ្វល់នឹងពាក្យសម្តីទាំងនេះទេ ដោយសារគាត់ជាមនុស្សមានទឹកចិត្តចេះជួយអ្នកជិតខាង ទើបពួកគេព្រមទទួលស្គាល់គាត់ ។
ចំណែកអ្នកស្រី Pimnipa Weerawan គឺជាស្ត្រីម្នាក់ទៀតដែលបានសាក់យ័ន្តពេញខ្លួនប្រាណដូចគ្នាដែរ ហើយដោយសារខ្លួនប្រាណរបស់ស្ត្រីរូបនេះមានសម្បុរស ទើបធ្វើឱ្យគេកាន់តែមើលឃើញស្នាមសាក់យ៉ាងច្បាស់ ។ អ្នកស្រីប្រាប់ថា គាត់បានសាក់បែបនេះអស់រយៈពេល៨ឆ្នាំហើយ ទម្រាំតែបានយ័ន្តពេញខ្លួនប្រាណ ។
អ្នកស្រី Pimnipa Weerawan និយាយមកកាន់សារព័ត៌មាន BBC ថា ៖ «បើជ្រុលជាសាក់យ័ន្តលើខ្លួនហើយ គឺត្រូវតែសាក់ឱ្យពេញទាំងអស់ ។ អ្នកខ្លះសួរខ្ញុំថា ខ្ញុំមានស្បែកសបែបនេះ ទៅសាក់ធ្វើអីទៅ ហើយមិនខ្មាសអៀនកូនទេឬ? ខ្ញុំក៏សួរទៅវិញថា ហេតុអ្វី? វាជាស្បែករបស់ខ្ញុំ ហើយប្រាក់ ក៏ខ្ញុំចំណាយ ។ រីឯកូនៗវិញ គ្មានអ្នកណាម្នាក់ថាអ្វីទេ រួចចុះអ្នកមកឈឺឆ្អាលអ្វីជាមួយខ្ញុំដែរ» ។
អ្នកស្រីបន្តទៀតថា មនុស្សខ្លះបានបញ្ឈប់ការសាក់យ័ន្ត ដោយសារតែឈឺចុកចាប់នៅលើខ្លួនប្រាណពេក ។ ប៉ុន្តែសម្រាប់គាត់វិញ គាត់ប្តេជ្ញាចិត្តថា ត្រូវតែសាក់ឱ្យពេញខ្លួនទាំងអស់ ដោយសារគាត់ស្រឡាញ់ខ្លាំង ទើបធ្វើតម្រូវចិត្តខ្លួនឯង ៕










