រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Amazon ដែលមានឈ្មោះថា Zoox បានពង្រីកការសាកល្បងបើកបរនៅរដ្ឋ California និង Nevada សហរដ្ឋអាមេរិក ដើម្បីពង្រីកតំបន់បើកបរឱ្យកាន់តែទូលំទូលាយ, មានល្បឿនលឿនជាងមុន និងការបើកបរនៅពេលយប់ ។ ក្រុមហ៊ុននេះបញ្ជាក់ថា នឹងសាកល្បងផ្តល់សេវាកម្មដឹកដំណើរនៅតាមបណ្តាទីក្រុងផ្សេងៗរបស់សហរដ្ឋអាមេរិក ដូចជា ៖ Seattle, Las Vegas, San Francisco និង Foster City រដ្ឋ California ។
ចំណែករូបរាងរបស់រថយន្ត Zoox គឺជាការយករថយន្ត Toyota Highlander មកកែច្នៃផ្នែកមួយចំនួនរបស់រថយន្ត ហើយនឹងមានការបង្កើនកន្លែងទំនេរសម្រាប់យានជំនិះ ដែលបានរចនាយ៉ាងពិសេសមួយនេះ ។ រថយន្ត Zoox នឹងអាចបើកបរដោយស្វ័យប្រវត្តិក្នុងល្បឿនរហូតដល់៧២គីឡូម៉ែត្រក្នុង១ម៉ោង និងធ្វើដំណើរបានក្នុងចម្ងាយផ្លូវ៨គីឡូម៉ែត្រ ខណៈកាលពីមុន វាអាចធ្វើដំណើរបានត្រឹមតែ១,៦គីឡូម៉ែត្រប៉ុណ្ណោះ ។
សារព័ត៌មានរ៉យទ័ររាយការណ៍ថា រថយន្ត Zoox មានប្រព័ន្ធបើកបរទំនើបជាងរថយន្តរបស់ក្រុមហ៊ុន Waymo របស់ Google ។ នៅចុងខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Waymo បានប្រកាសអំពីគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីនៅទីក្រុង Los Angeles បន្ទាប់ពីក្រុមហ៊ុននេះបានផ្តល់សេវាកម្មនៅទីក្រុង San Francisco និង Phoenix ។
កាលពីឆ្នាំ២០២៣ តាក់ស៊ីរបស់ក្រុមហ៊ុន General Motors (ឬ GM) មានឈ្មោះថា Cruise បានបញ្ឈប់ការសាកល្បងរបស់ខ្លួន ក្រោយពីភ្នាក់ងារត្រួតពិនិត្យចោទប្រកាន់ថា នាយកគ្រប់គ្រងក្រុមហ៊ុនព្យាយាមបិទបាំងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទីក្រុង San Francisco ។ គ្រោះថ្នាក់ចរាចរណ៍ពេលនោះ គឺរថយន្ត Cruise បានបុក និងអូសស្ត្រីម្នាក់នៅលើដី ប្រមាណជាង៦ម៉ែត្រ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Amazon បានទិញក្រុមហ៊ុន Zoox កាលពីឆ្នាំ២០២០ ក្នុងតម្លៃជាង១ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនសង្ឃឹមថា នឹងប្រើប្រាស់រថយន្តនេះសម្រាប់ការដឹកជញ្ជូនទំនិញផ្សេងៗ ។ ទោះយ៉ាងណា ក្រុមហ៊ុន Zoox ពុំទាន់បានប្រកាសអ្វីទេពាក់ព័ន្ធនឹងការលើកឡើងនេះ ៕










