ប្រទេសអ៊ីតាលី ៖ នាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni បានដាក់ពាក្យ ប.ណ្តឹង. ទៅតុលាការ ដើម្បីទាមទារប្រាក់ថ្លៃការខូចខាត ចំនួន១សែនអឺរ៉ូ ពីបុរស២នាក់ ។ លោកស្រីអះអាងថា បុរសទាំងពីរបានកាត់តរូបភាពឌីជីថលដោយយកផ្ទៃមុខរបស់លោកស្រី ទៅដាក់ក្នុងវីដេអូ អា.សអា.ភា.ស ក្នុងបណ្តាញសង្គម និងមានអ្នកចូលមើលរាប់លាននាក់ ។
សារព័ត៌មានរបស់អ៊ីតាលីរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ តុលាការនៅទីក្រុង Sardinia បានកោះហៅនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Meloni ចូលមកធ្វើជាសាក្សី និងបញ្ជាក់ពីកំហុសរបស់បុរសទាំង២នាក់ ដែលបានប្រព្រឹត្តខុសកាលពីខែកក្កដា ឆ្នាំ២០២៣ ក្រោយពីលោកស្រីបានដាក់ពាក្យប្តឹងពួកគេពីបទបង្ខូចកេរ្តិ៍ឈ្មោះ ។
មេធាវីការពារក្តីរបស់លោកស្រី Meloni និយាយថា បុរសទាំង២នាក់នេះ ក្នុងនោះម្នាក់អាយុ៤២ឆ្នាំ និងម្នាក់ទៀតអាយុ៣៧ឆ្នាំ ហើយពួកគេក៏ជាឪពុករបស់ក្មេងផងដែរ ។ ពួកគេបានកាត់តរូបភាពវីដេអូ ដោយយកផ្ទៃមុខរបស់លោកស្រី Meloni ទៅដាក់ក្នុងវីដេអូអាសអាភាសជាច្រើន បន្ទាប់មក ពួកគេបានបង្ហោះវីដេអូទាំងនេះចូលក្នុងវែបសាយអាសអាភាសរបស់អាមេរិក ។
សារព័ត៌មានអ៊ីតាលីរាយការណ៍ទៀតថា វីដេអូទាំងនេះបានបង្ហោះក្នុងបណ្តាញសង្គមអស់រយៈពេលជាច្រើនខែ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមមកពីជុំវិញពិភពលោក ចូលមើលវីដេអូនេះរាប់លាននាក់ ។ ការកាត់តវីដេអូទាំងនេះបានធ្វើឡើងតាំងពីមុនពេលលោកស្រី Meloni កាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលី នៅឆ្នាំ២០២២ មកម៉្លេះ ហើយជនសង្ស័យត្រូវគេចាប់ខ្លួននៅឆ្នាំ២០២០ ក្រោយពីការស៊ើបអង្កេតរបស់សមត្ថកិច្ច ។
មេធាវីរបស់លោកស្រី Meloni បានសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា ប្រាក់ចំនួន១សែនអឺរ៉ូនេះ គឺជាប្រាក់សំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់លោកស្រី ហើយលោកស្រីនឹងយកប្រាក់នេះទៅបរិច្ចាគឱ្យអង្គការសប្បុរសធម៌ផ្សេងៗ ដែលធ្វើការផ្នែកជួយជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ ។
ចំណែកលោកស្រី Meloni លើកឡើងថា ៖ «ការដាក់ពាក្យបណ្តឹងរបស់ខ្ញុំ ដើម្បីជាការផ្ញើសារទៅកាន់ស្ត្រីទាំងអស់ដែលខូចកេរ្តិ៍ឈ្មោះដោយសារជនខិលខូច ថា ចូរកុំភ័យខ្លាចក្នុងការដាក់ពាក្យប្តឹងជនខិលខូចទាំងនេះ» ។
បច្ចុប្បន្ន ជនខិលខូចភាគច្រើនបានកាត់តរូបភាព និងវីដេអូផ្សេងៗដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប AI ដោយសារបច្ចេកវិទ្យានេះអាចធ្វើត្រាប់តាមមនុស្ស ឬបន្លំធ្វើជាបុគ្គលណាម្នាក់ដោយស្វ័យប្រវត្តិ និងមានលក្ខណៈដូច១០០% ព្រោះវាបានរៀនសូត្រពីផ្ទៃមុខ និងសំឡេងរបស់បុគ្គលនោះ ៕










