ប្រទេសថៃ ៖ ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ (Central Investigation Bureau) បានជូនដំណឹងទៅកាន់ពលរដ្ឋថា ការលួចបើកមើលទូរស័ព្ទរបស់អ្នកដទៃ ឬចូលប្រើប្រាស់បណ្តាញសង្គមអ្នកដទៃ ឬលួច Hack ចូលប្រើប្រាស់ទិន្នន័យអ្នកដទៃដោយខុសច្បាប់ ដែលគេចាត់ទុកថា វាជាកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួននោះ នឹងមានទោសតាមមាត្រា៥ ក្នុងច្បាប់ប្រទេសថៃ គឺនឹងជាប់ ពន្ធ.នា.គារ មិនលើសពី៦ខែ ឬត្រូវបានពិន័យជាប្រាក់មិនលើសពី១ម៉ឺនបាត ឬទាំងជាប់ ពន្ធ.នា.គារ និងពិន័យជាប្រាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។
លើសពីនេះ ប្រសិនបើលួចចូលប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទរបស់អ្នកដទៃ ដែលគេបានដាក់លេខសម្ងាត់រួចហើយ គឺចាត់ទុកថា បានប្រព្រឹត្តខុសច្បាប់តាមមាត្រា៧ ក្នុងច្បាប់ប្រទេសថៃ គឺនឹងជាប់ពន្ធនាគារមិនលើសពី២ឆ្នាំ ឬត្រូវបានពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ ។
លើសពីនេះ បើប្រព្រឹត្តទង្វើណាមួយដែលបង្កការខូចខាតដល់ម្ចាស់ទូរស័ព្ទ ឬម្ចាស់ទិន្នន័យ ដូចជា ៖ ធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះ ឬប្រើប្រាស់ទិន្នន័យរបស់អ្នកដទៃយកទៅបោកប្រាស់មនុស្សផ្សេងទៀត គឺចាត់ទុកថា វាជាទង្វើរំលោភសិទ្ធិរបស់អ្នកដទៃដោយខុសច្បាប់ ។ បើយោងតាមច្បាប់រដ្ឋប្បវេណី និងពាណិជ្ជកម្មរបស់ប្រទេសថៃ មាត្រា៤២០ ចែងថា បើជនរងគ្រោះបានទទួលរងការខូចខាត គឺជនរងគ្រោះមានសិទ្ធិទទួលបានសំណងពីជនល្មើស ៕










