យើងបានជ្រាបរួចមកហើយថា ការសម្រាកបានគ្រប់គ្រាន់បានផ្តល់នូវគុណសម្បត្តិដល់រាងកាយច្រើនកម្រិតណា ។ ប៉ុន្តែការសម្រាកឱ្យបានគ្រប់គ្រាន់នោះ កើតឡើងពីការសម្រាកប្រកបដោយគុណភាព ពីព្រោះវានឹងធ្វើឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ តាមរយៈការសម្រាកលក់ស្រួល និងគ្មានអ្វីមករំខាន ។
គួរតែអនុវត្ត៥ចំណុចនេះរៀងរាល់ពេលមុនចូលសម្រាក ដើម្បីឱ្យការសម្រាកកាន់តែមានគុណភាពខ្លាំងឡើង ៖
១-ហាមលេងឧបករណ៍ទំនាក់ទំនងមុនចូលគេង ៖ ឧបករណ៍ទាំងនេះបានប៉ះពាល់ដោយខួរក្បាលដោយផ្ទាល់ ហើយវានឹងធ្វើឱ្យយើងពិបាកសម្រាកលក់ ឬសម្រាកពុំបានស្កប់ស្កល់ ។
២-គួរអានសៀវភៅ និងធ្វើសមាធិ ៖ ការអានសៀវភៅ និងធ្វើសមាធិ គឺដើម្បីឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ ។ ហេតុនេះ គួរតែអានសៀវភៅទស្សនវិជ្ជា, សៀវភៅលើកទឹកចិត្ត, ប្រលោមលោក និងរឿងអក្សរសិល្ប៍ដែលចូលចិត្ត ជាដើម ។
៣-ដកដង្ហើមវែងៗ ៖ យើងអាចដកដង្ហើមចូលយឺតៗរយៈពេល៤វិនាទី បន្ទាប់មក ដកដង្ហើមចេញយឺតៗរយៈពេល៨វិនាទី ។ ការធ្វើបែបនេះ វានឹងជួយដល់សួត និងកាត់បន្ថយចង្វាក់បេះដូង ដើម្បីត្រៀមចូលសម្រាក ។
៤-ធ្វើចលនាសាច់ដុំ ៖ ការធ្វើចលនាសាច់ដុំតាមវិធីស្រាលៗ វាអាចជួយធ្វើឱ្យរាងកាយ និងខួរក្បាលរបស់យើងកាត់បន្ថយភាពតានតឹងបាន ។
៥-បញ្ឈប់ការគិតគ្រប់រឿង, គ្រប់បញ្ហា ៖ យើងត្រូវប្រាប់ខ្លួនឯងថា ថ្ងៃស្អែកនេះ ចាំយើងគិតជាថ្មី ។ ដូច្នេះ យប់នេះ យើងសូមសម្រាកសិន បន្ទាប់មក ចូរបិទភ្លើងទាំងអស់ ដើម្បីឱ្យអរម៉ូន និងមេឡាតូនីនអាចធ្វើការបានយ៉ាងល្អ ។
ការសម្រាកលក់បានស្កប់ស្កល់ មានន័យថា ជាការសម្រាកលក់បានយូរ, គ្មានការសុបិន, មិនរវើរវាយ ឬមានអាការៈឈប់ដកដង្ហើមក្នុងអំឡុងពេលកំពុងសម្រាកលក់ ។ ការសម្រាកស្កប់ស្កល់នឹងជួយធ្វើឱ្យរាងកាយរបស់យើងដំណើរការបានល្អគ្រប់ផ្នែក គឺចាប់តាំងពីខួរក្បាល, ប្រព័ន្ធខាងក្នុង, ផ្លូវអារម្មណ៍ និងអាចជួយព្យាបាលជំងឺផងដែរ ករណីមានជំងឺ ៕