នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើនទាំងការល្បែងប្រជាប្រិយខ្មែរ ការផ្តល់រង្វាន់នានា និងកម្មវិធីប្រគំតន្រ្តីដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវខ្លួនត្រូវសង បំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈលោក រិន សុក្រិត្យ ក៏បានលូកមាត់លើរឿងនេះដូចគ្នា។
អ្នកនាង ស្រីអូន បាននិយាយថា «មនុស្សដូចជានាងគឺស្លាប់រស់ជាមួយទំនួលខុសត្រូវមានបញ្ហាច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែនាងអាចញញឹមទទួលយកបាន។ មនុស្សដូចនាងមិនបានយកគ្រួសារជាធំនោះទេ នៅពេលដែលយកគ្រួសារជាធំសកម្មភាពរបស់យើងមិនបានទំលំទូលាយនៅក្នុងសង្គមដែរ។ ជាដំបូងរបស់នាងដែលឱ្យតម្លៃមុនគេ មានជំទាវម្នាក់គាត់ល្បីខ្លាំងធ្លាប់ឱ្យនាងគូសរវាងគ្រួសារខ្លួនឯងនិងសង្គម នាងយកសង្គមទី១។ អ្នកនាងស្រីអូនថា មូលហេតុដែលធ្វើឱ្យនាងរឹងមាំបានគឺរឹងមាំដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី»។
ពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំនេះត្រូវបានអ្នកលេងបណ្តាញសង្គមបានបង្ហាញការមិនគាំទ្រនូវការលើកឡើងដូចនេះទេ។ លោក រិន សុក្រិត្យ អ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបនិងជាសហគ្រិនវ័យក្មេង បានលើកឡើងថា «រកស៊ីអ្វីក៏ដោយ ធ្វើ អ្វីក៏ដោយ គឺគេការពារ គេលើកស្ទួយគ្រួសារមុនគេ ទើបជីវិតរុងរឿងអាចឈានទៅដល់ជួយសង្គមជាតិ។ សូម្បីមេដឹកនាំប្រទេសក៏គេត្រូវឱ្យតម្លៃលើគ្រួសារមុនគេ ទើបជាប់ឆ្នោត»។
ចំណែកឯអ្នកផ្សេងទៀតបានបង្ហាញការមិនគាំទ្រពាក្យសម្តីរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំឡើយ ពួកគេបានលើកឡើងថា សូម្បីសត្វក៏យកគ្រួសារជាធំដែរ ហើយសង្គមមួយដែលមានការរីកចម្រើនក៏ផ្តើមចេញពីគ្រួសារទៅដូចគ្នា។ អ្នកលេងបណ្តាញសង្គមបានជ្រើសយកគ្រួសារគឺជម្រើសទី១ ចំណែកឯសង្គមជាជម្រើសទី២ រួមទាំងមតិយោបល់ជាច្រើនទៀតបានរិះគន់ទៅកាន់អ្នកនាងស្រីអូន៕










