របាំប្រជាប្រិយខ្មែរមួយប្រភេទគឺ «របាំត្រុដិ» ដែលខ្មែរយើងនិយមប្រគុំដើម្បីអបអរដល់ពិធីចូលឆ្នាំប្រពៃណីជាតិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃនៃឆ្នាំចាស់ នាំមកវិញនូវសិរីសួស្តី សុភមង្គលនាឆ្នាំថ្មី។
យោងតាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ដែលបានសរសេរចងក្រងទុកនូវ ពាក្យ«ត្រុដិ» ជាពាក្យភាសាសំស្រ្កឹត ដែលមានន័យថា «ផ្តាច់ ឬកាត់ផ្តាច់»។ ដូច្នេះហើយ គេឃើញថាតែងមានការសម្តែងរបាំត្រុដិនេះឡើងក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ គឺជាការផ្តាច់ឆ្នំាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវតែរឿងថ្មីៗ ដែលគេហៅថា ព្រះរាជពិធី «ត្រុដិសង្រ្កាន្ត»។ លើសពីនេះ របាំត្រុដិនេះ ក៏ត្រូវបានគេយកទៅលេងដើម្បីប្រារព្ធពិធីសុំទឹកភ្លៀងទៅតាមទំនៀមទម្លាប់អ្នកស្រុកតំបន់នីមួយៗផងដែរ។
របាំត្រុដិគឺជាកេរដំណែលវប្បធម៌មន-ខ្មែរ របស់ជនជាតិខ្មែរដើម ដូចជា ពួកសួយ សម្រែ និងព័រជាដើម។ ទោះជាយ៉ាងណា របាំត្រុដិសព្វថ្ងៃនេះ មានតែនៅក្នុងខេត្តសៀមរាបដែលជារាជធានីចាស់ទេ ដែលបន្តយកវាមកលេងក្នុងរដូវចូលឆ្នាំបានយ៉ាងជាប់លាប់។
រីឯឧបករណ៍តន្ត្រីសម្រាប់ប្រគុំរបាំត្រុដិនេះវិញមានដូចជា ដងកញ្ឆា ចង្រ្កងដំបែរ ចង្រ្កងរ៉ូង ស្គរដី ទ្រអ៊ូ ទ្រសោ ប៉ីពកជាដើម។ ឯគ្រឿងតុបតែងមុខវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រឹស កន្ទុយក្ងោង ក្រចកផ្តៅ។ល។ ចំណែកតួសម្តែងវិញមានដូចជា អ្នកកាន់ដងកញ្ឆា អ្នកពាក់មុខត្លុក តួប្រើស ទន្សោង ក្ងោក តួរាំ ក្រុមភ្លេង និងតួបន្ទាប់បន្សំផ្សេងទៀត… ដែលជាមធ្យមតួសម្តែងរបាំត្រុដិមាន២៥នាក់។ របាំត្រុដិក៏បានរួមបញ្ចូលគ្នាជាមួយនឹងចម្រៀងជាច្រើនបទ ព្រមជាមួយនឹងក្បាច់រាំអេនអននិងកាយវិការដ៏រស់រវើកជានិច្ច៕











