ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា ក្រុម ចោ.រ វៀតណាមចំនួន៣នាក់ បានចេញធ្វើសកម្មភាព លួ.ច ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកលេងនៅវត្តព្រះឆេតធុផុន ក្នុងទីក្រុងបាងកក ។ នៅទីបំផុត សមត្ថកិច្ចថៃបានចាប់ខ្លួន ចោ.រ វៀតណាមទាំង៣នាក់នេះក្នុងហាងលក់សាច់អាំងមួយកន្លែង ។
បើតាមកាមេរ៉ាសុវត្ថិភាពក្នុងវត្តព្រះឆេតធុផុន បង្ហាញថា មានជនជាតិវៀតណាមចំនួន៣នាក់ បានដើរចូលមកក្នុងវត្តព្រះឆេតធុផុន ប៉ុន្តែពួកគេមិនមែនមកដើរកម្សាន្តនោះទេ គឺពួកគេមករកប្រាក់ និងលួចទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ ។ ក្រុមចោរវៀតណាមទាំងនេះបានដើរកៀកៗនឹងភ្ញៀវទេសចរម៉ាឡេស៊ី បន្ទាប់មក ពួកគេក៏បានលួចប្រាក់ និងកាតឥណទានរបស់ភ្ញៀវទេសចរ ។
សមត្ថកិច្ចផ្នែកស៊ើបអង្កេតក្នុងព្រះរាជវាំងថៃបានទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរម៉ាឡេស៊ី ក្រោយពីពួកគេមកកម្សាន្តនៅវត្តព្រះឆេតធុផុន ។ ភ្ញៀវទេសចរម៉ាឡេស៊ីរៀបរាប់ថា ពេលខ្លួនកំពុងដើរក្នុងវត្តនេះ គឺមានអារម្មណ៍ថា មានក្រុមមនុស្សមកដើរនៅកៀកៗ ខណៈទីធ្លាដើរក្នុងវត្តមានច្រើន ហេតុអ្វីពួកគេមកដើរកៀកខ្លួនទៅវិញ? ក្រោយមក ដោយសារសង្ស័យ ខ្លួនក៏ពិនិត្យមើលក្នុងកាបូប ស្រាប់តែបាត់ប្រាក់អស់ចំនួន៦.០០០បាត និងបាត់កាតឥណទាន ចំនួន៤ ។
ក្រោយកើតហេតុ លោក ណុបផាស៊ីន ឃុនសាវ៉ាត់ ស្នងការប៉ូលិសលើកឡើងថា សមត្ថកិច្ចបានសហការគ្នាស៊ើបអង្កេតករណីនេះរហូតដឹងពីអត្តសញ្ញាណ និងកន្លែងស្នាក់នៅរបស់ក្រុមចោរវៀតណាមទាំង៣នាក់ ហើយសមត្ថកិច្ចនឹងស្នើសុំដីកាពីតុលាការដើម្បីចាប់ខ្លួនក្រុមចោរ ។ ប៉ុន្តែក្រុមចោរវៀតណាមទាំង៣នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុនេះ លោកក៏បានបញ្ជាឱ្យសមត្ថកិច្ចប្រចាំតំបន់ការពារសុវត្ថិភាពភ្ញៀវទេសចរ ។
បន្ទាប់មក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលការរាយការណ៍ពីភ្នាក់ងារសម្ងាត់ថា ក្រុមចោរវៀតណាមទាំង៣នាក់ បានធ្វើដំណើរមកប្រទេសថៃម្តងទៀត ដើម្បីបន្តធ្វើសកម្មភាពលួចទ្រព្យសម្បត្តិភ្ញៀវទេសចរ ។ ហេតុនេះ សមត្ថកិច្ចស៊ើបអង្កេតក៏បានចុះទៅដល់ទីតាំង និងឃើញចោរវៀតណាមទាំង៣នាក់ កំពុងអង្គុយហូបសាច់អាំងនៅខាងក្រោយសាកលវិទ្យាល័យមួយកន្លែង ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនពួកគេតែម្តង ។
លោក ណុបផាស៊ីន ឃុនសាវ៉ាត់ ស្នងការប៉ូលិសបន្តថា ជនខិលខូចបានដើរលួចទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរនៅកន្លែងណាដែលមានមនុស្សច្រើន ហើយពួកគេបានប្រើប្រាស់ឆ័ត្រ ឬកាបូបស្ពាយ ដើម្បីបាំងមិនឱ្យអ្នកផ្សេងឃើញក្នុងពេលពួកគេលូកកាបូប ។
ចំណែកចោរវៀតណាមទាំង៣នាក់ បានសារភាពប្រាប់សមត្ថកិច្ចថា គោលបំណងធំក្នុងការធ្វើសកម្មភាពលួចនេះ ការពិត ពួកគេមិនចង់បានប្រាក់ច្រើនបែបនេះទេ គឺពួកគេចង់បានតែកាតឥណទានប៉ុណ្ណោះ ។ នៅពេលបានកាតឥណទានហើយ ពួកគេក៏ប្រញាប់យកវាទៅប្រើប្រាស់ទិញទំនិញគ្រប់មុខ រហូតដល់អស់លុយក្នុងកាត ។
ចុងក្រោយ សមត្ថកិច្ចបញ្ជាក់ថា នឹងស៊ើបអង្កេតករណីនេះបន្ថែមទៀត ព្រមទាំងបញ្ជូនក្រុមចោរទាំង៣នាក់ ទៅកាន់សមត្ថកិច្ចផ្នែកស៊ើបអង្កេតក្នុងព្រះរាជវាំងចាត់វិធានការតាមច្បាប់បន្ត ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ និងសុវត្ថិភាពនៅប្រទេសថៃ ៕










