ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៤ អ្នកគោរពសាសនាហិណ្ឌូជាច្រើននាក់នៅប្រទេសឥណ្ឌូណេស៊ី បានប្រមូលផ្តុំគ្នាចូលរួមប្រារព្ធពិធីបុណ្យ «Perang Api» ឬពិធីបុណ្យ ស.ង្គ្រា.ម ភ្លើង «Fire War» ។ ការប្រារព្ធពិធីបុណ្យនេះឡើង គឺក្នុងគោលបំណងបណ្តេញនូវហេតុការណ៍អាក្រក់ៗ ឬខ្មោចព្រាយបិសាចកុំឱ្យមកយាយីធ្វើ បា.ប អ្នកស្រុក ។
វាជាប្រពៃណីចាស់បុរាណមួយដែលគេជឿថា គឺជាការលាងសម្អាត និងកម្ចាត់រឿងរ៉ាវអាក្រក់ៗឱ្យចាកចេញពីជីវិតអ្នកស្រុក ។ អ្នកចូលរួមក្នុងពិធីបុណ្យនេះបានយកមែកឈើមកចងភ្ជាប់គ្នា រួចហើយដុតភ្លើង នាំគ្នារាំ ឬគប់ទៅលើដី ឬគប់ដាក់គ្នាទៅវិញទៅមកផងដែរ ។
ពិធីបុណ្យ «Perang Api» ត្រូវបានរៀបចំឡើងរយៈពេល១ថ្ងៃ មុនពិធីបុណ្យ «Nyepi» ឬពិធីបុណ្យនៃភាពស្ងៀមស្ងាត់ (Day of Silence) ជារៀងរាល់ឆ្នាំ ។ គេចាត់ទុកថា វាជាពិធីបុណ្យចូលឆ្នាំថ្មីរបស់អ្នកគោរពសាសនាហិណ្ឌូ ដែលរស់នៅលើកោះបាលី និងបរិវេណក្បែរៗគ្នា ។
នៅឆ្នាំ២០២៤ គេបានរៀបចំពិធីបុណ្យនេះនៅថ្ងៃទី១៣ ខែមីនា ហើយមនុស្សទាំងអស់នៅលើកោះត្រូវតែរក្សាភាពស្ងៀមស្ងាត់រយៈពេល២៤ម៉ោង និងសម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ខណៈហាងលក់ទំនិញនានាបិទទ្វារ ។
អ្នកស្រុករស់នៅទីនេះមានជំនឿថា ព្រលឹងវិញ្ញាណ និងរឿងអាក្រក់ៗបានចេញមកនៅថ្ងៃប្រារព្ធពិធីបុណ្យនេះ ហើយបើវិញ្ញាណអាក្រក់មើលឃើញថា នៅទូទាំងទីក្រុងមានសភាពស្ងប់ស្ងាត់ វានឹងចាកចេញទៅ ហើយវានឹងមិនបង្ករឿងអាក្រក់ដល់អ្នកស្រុករស់នៅលើកោះទេ ។ ដូច្នេះ អ្នកស្រុកទាំងអស់នឹងជួបតែសេចក្តីសុខពេញ១ឆ្នាំ និងគ្មានអ្វីមកបៀតបៀន ៕










