តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានបង្ហាញអារម្មណ៍សប្បាយចិត្តចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញសន្ទុះប្រជាជនពលរដ្ឋមានការគាំទ្រទៅលើភាពយន្តខ្មែរជាពិសេសភាពយន្តថ្មីរបស់ខ្លួន។ ជាមួយគ្នានេះ យូប៊ីន បានលើកឡើងថាកម្លាំងគាំទ្ររបស់មហាជនគឺជាអាវុ.ធមុតស្រួចដើម្បីឱ្យអ្នកធ្វើការក្នុងវិស័យនេះអាចទៅប្រយុទ្ធនៅសមរភូមិបាន។
ដូចមហាជនជ្រាបមកហើយថា ចុងក្រោយនេះវិស័យភាពយន្តខ្មែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយប្រជាពលងាកមកចាប់អារម្មណ៍រឿងខ្មែរកាន់តែច្រើនជាងមុន ខណៈការផលិតភាពយន្តខ្មែរពេលនេះមិនចាញ់ភាពយន្តបរទេសប៉ុន្មាននោះទេ។ អ្វីដែលជាចំណុចសំខាន់ទន្ទឹមនឹងផលិតករ តួសម្តែង ពង្រឹងសមត្ថភាពការសម្តែងរបស់ខ្លួនទៅមុខជាលំដាប់នោះការគាំទ្រគឺជាកត្តាសំខាន់មួយប្រសិនជាគ្មានការគាំទ្រក្នុងស្រុកទេច្បាស់ណាស់វិស័យភាពយន្តខ្មែរយើងពិបាកនឹងរីកលូតលាស់នៅលើឆាកអន្តរជាតិ។
ជាក់ស្តែង រយៈពេលចុងក្រោយនេះភាពយន្តខ្មែរដែលបានឈានជើងចូលទីផ្សារអន្តរជាតិមានដូចជា «ម៉ែក្រឡាភ្លើង» «កំណើតអរូប» និង «ប្រុសលក់ខ្លួន» ជាដើម។ នេះបញ្ជាក់ឱ្យយើងដឹងថាមានការគាំទ្រក្នុងស្រុកទើបធ្វើឱ្យភាពយន្តខ្មែរយើងកាន់តែល្បីល្បាញថែមមួយកម្រិតទៀតនៅឯស្រុកគេ។
ទន្ទឹមនឹងសន្ទុះការគាំទ្រភាពយន្តខ្មែរកាន់តែរីកដុះដាលឡើងងាកមកកាន់តារាសម្តែងស្រីជួរមុខប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន វិញក៏បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ពីភាពយន្តខ្នាតធំរបស់នាងដែលមានការចូលរួមសម្តែងពី ព្រះនាងតូច នរោត្តម ជេន ណា តារាសម្តែងប្រុសមីយ៉ាន់ម៉ា បៃតាកន (Paing Takhon) និងតួអង្គជាច្រើនទៀតមានការគាំទ្រច្រើនពីទស្សនិកជន។
ម៉ោង១២យប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គម ស៊ីន យូប៊ីន បានបង្ហោះថា «សន្ទុះនៃការកក់សំបុត្រ ទស្សនាការចាក់ថ្ងៃដំបូង “បណ្តាសានាងរាត្រី” នៅថ្ងៃស្អែក កាន់តែសាហាវជាងនាងរាត្រីទៅទៀតជិតពេញ hall បាត់ អរគុណបងប្អូនទាំងអស់គ្នា »។ តារាស្រីរូបនេះសង្កត់ធ្ងន់ថា «កំលាំងនៃការគាំទ្ររបស់បងប្អូនគឺជាអាវុធដ៏មុតស្រួចដើម្បីឱ្យពួកយើងទៅប្រយុទ្ធនៅសមរភូមិមុខ»។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន បានសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរទាំងមូលប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ លើសពីនេះ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត៕.png)
.png)










