ប្រទេសម៉ាឡេស៊ី ៖ អ្នកជំនាញជនជាតិម៉ាឡេស៊ីចាត់ទុកថា ប្រទេសកំពុងអភិវឌ្ឍន៍នានានៅក្នុងតំបន់អាស៊ី រួមទាំងម៉ាឡេស៊ីផងដែរ នឹងទទួលបានផលប្រយោជន៍ផ្សេងៗពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។
លោក Shankaran Nambiar អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចម៉ាឡេស៊ីលើកឡើងថា ប្រទេសចិនបានបង្កើតផលប្រយោជន៍ជាច្រើនក្នុងផ្នែកឧស្សាហកម្មថ្មីៗ ជាពិសេស ផ្នែកបញ្ញាសិប្បនិម្មិត (AI), រថយន្តអគ្គិសនី, Fintech, រថភ្លើងល្បឿនលឿន និងបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងទៀត ។ ហេតុនេះ វាបានបង្កើតតម្រូវការផលិតផលវត្ថុធាតុដើម ឬផលិតផលគ្រប់មុខ ដែលផលិតនៅប្រទេសម៉ាឡេស៊ី ។
លោក Shankaran Nambiar បន្តទៀតថា ប្រទេសចិនមានឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ មកម៉្លេះ ហើយចិននឹងក្លាយជាប្រទេសជំរុញសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ផងដែរ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាពេលកន្លងមក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមួយចំនួន មិនគួររារាំងម៉ាឡេស៊ី ក្នុងការធ្វើសម្ព័ន្ធមិត្តជាមួយចិនទេ ។
ប្រទេសចិនបានរក្សាតំណែងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី អស់រយៈពេល១៥ឆ្នាំមកហើយ ហើយចិនក៏ជាប្រភពវិនិយោគដ៏សំខាន់របស់ម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំផងដែរ ។ បើតាមរបាយការណ៍របស់ Kenanga Research បង្ហាញថា តម្រូវការពីទីផ្សារចិននឹងក្លាយជាកម្លាំងដ៏សំខាន់ ដើម្បីជំរុញការរីកចម្រើនផ្នែកនាំចេញរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៤ នេះ ៕










