សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំនេះនឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃសៅរ៍ ទី៣០ និងថ្ងៃអាទិត្យ ទី៣១ ខែមីនា ដែលមានទីតាំងស្ថិតនៅសាលាវិទ្យាល័យនេតយ៉ង់ ក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឬជាប់ជាមួយនឹងរង្វង់មូលលោកតាដំបងក្រញ៉ូង។ កម្មវិធីទាំង២ថ្ងៃនេះនឹងធ្វើឡើងចាប់ពីវេលាម៉ោង ៧ព្រឹក ដល់ម៉ោង៩យប់។
តាមការបញ្ជាក់ពីផេក Battambong City បានឲ្យដឹងថា សង្រ្កាន្តកូនខ្មែរនៅឯវិទ្យាល័យនេតយ៉ង់ខាងមុខនេះ នឹងមានការសម្តែងជូននូវសិល្បៈចម្រុះជាច្រើនទម្រង់ ដូចជា របាំប្រពៃណីខ្មែរ ការពិពណ៌ស្នាដៃសិស្សវិទ្យាសាស្រ្តនិងសង្គម ពិពណ៌អាហារប្រចាំខេត្តបាត់ដំបង ការបញ្ចេញសមត្ថភាពពិសេសផ្សេងៗ ក៏ដូចជាកម្សាន្តជាមួយនឹងល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមជាមួយឡានបាញ់ទឹក និងប៉ាតម្សៅ។ល។
កាន់តែពិសេសជាងនេះទៅទៀត កម្មវិធីសង្ក្រាន្តនៅលើទឹកដីនៃខេត្តបាត់ដំបងលើកនេះនឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះនាងតូចនរោត្តមចេនាផងដែរ។ ជាមួយគ្នានេះ ក៏លេចវត្តមានតារាល្បីៗខ្មែរជាច្រើនដួងទៀត រួមទាំង Miss Grand Cambodia , លោកប៉ីប៉ីឌី, កញ្ញាហ្វី យ៉ាតា, និងតារាចម្រៀងទេពពិសិដ្ឋជាដើម។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ សូមអញ្ជើញទៅចូលរួមកម្សាន្តឲ្យបានច្រើនកុះករដោយសេរី ដើម្បីអបអរដល់ពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាបានលើកកម្ពស់ពិធីបុណ្យ«សង្ក្រាន្ត»របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

.jpg)











