ភរិយាកំពូលមហាសេដ្ឋីឥណ្ឌាម្នាក់ ហ៊ានចំណាយលុយទិញគ្រឿងអលង្ការពេជ្រតម្លៃខ្ទង់លានៗដុល្លារអាមេរិក ត្រឹមតែក្នុងពិធី Pre Wedding កូនប្រុសខ្លួនសោះ ចុះទម្រាំថ្ងៃការ?
កាលពីដើមខែមីនា កម្មវិធីដ៏កក្រើកប្រចាំឆ្នាំ២០២៤នៅទ្វីបអាស៊ី ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចំណាយទឹកប្រាក់អស់ ១៥២លានដុល្លារនោះ គឺជាពិធី Pre Wedding របស់ Anant Ambani វ័យ ២៨ឆ្នាំ ដែលត្រូវជាកូនប្រុសពៅមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត គឺលោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីឥណ្ឌាខាងលើ និងត្រូវជាម្តាយបង្កើតរបស់កូនកំឡោះនៅយប់ថ្ងៃបញ្ចប់កម្មវិធី បានបង្ហាញនូវភាពលេចធ្លោយ៉ាងខ្លាំងតាមរយៈគ្រឿងអលង្ការពេជ្រតម្លៃថ្លៃកប់ពពក។
លោកស្រីបានពាក់នូវសម្លៀកបំពាក់បែបនារីឥណ្ឌា ជាសាច់ក្រណាច់ពិសេសមានគុណភាពពណ៌មាសស្រាលភ្លឺចែងចាំង ជាមួយនឹងឈុតគ្រឿងអលង្ការយ៉ាងប្រណិត ដែលខ្សែកររបស់គាត់មួយខ្សែមានតម្លៃរហូតដល់ជាង ៦០.៤ លានដុល្លារអាមេរិក ដែលរចនារំលេចដោយត្បូងពេជ្រ ត្បូងមរកតចម្រុះ និងមានត្បូងធំៗចំនួន២ស្ថិតនៅកណ្តាល។ ជាមួយគ្នានោះគាត់ក៏បានពាក់ចិញ្ចៀនពេជ្រមួយវង់ ៥២.៥៨ការ៉ាត់ តម្លៃ ៦.៥លានដុល្លារ។ បើយោងតាម Vogue India បានឲ្យដឹងទៀតថា ចិញ្ចៀនពេជ្រមួយវង់នេះគឺបានដាក់លក់នៅឯការដេញថ្លៃរបស់ Christie ក្នុងខែមិថុនា ឆ្នាំ ២០១៩។
លោកស្រី Nita អាយុ ៦១ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅមហាវិទ្យាល័យ Narsee Monjee College of Commerce & Economics ក្នុងទីក្រុងបុមបៃ។ គាត់ក៏ត្រូវបានបណ្តុះបណ្តាលក្នុងសាលារបាំ Bharatnatyam ផងដែរ។ បច្ចុប្បន្ន លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាស្ថាបនិក និងជាប្រធានមូលនិធិ Reliance ដែលជាផ្នែកសប្បុរសធម៌នៃក្រុមហ៊ុនយក្ស Reliance Industries របស់ស្វាមីខ្លួន។ ថ្មីៗនេះ លោកស្រីក៏បានឡើងកាន់តំណែងជាប្រធាននៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលទើបបង្កើតថ្មី ជាការរួមហ៊ុនគ្នារវាងក្រុមហ៊ុន Disney និង Reliance Industries ។.jpg)
គួរបញ្ជាក់ថា លោកស្រីនីតាបានរៀបការជាមួយស្វាមីខ្លួន Mukesh Ambani កាលពីឆ្នាំ១៩៨៥មានកូនបីនាក់ គឺកូនស្រី Isha និងកូនប្រុសពីរនាក់ Anant និង Akash។ យោងតាមទស្សវដ្តី Forbes គិតត្រឹមខែមីនានេះ បានប៉ាន់ស្មានទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mukesh Ambani មានរហូតដល់ទៅ ១១៧.៧ ពាន់លានដុល្លារ ក្លាយជាអ្នកមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី៩ លើពិភពលោកផងដែរ៕










