បរទេស៖ បច្ចុប្បន្នអត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយ ដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ ២០២៣ មូលហេតុគឺដោយសារការកើនឡើងអតិផរណាបានធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តរើសអាហារពីធុងសំរាម។
យោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថាអ្នកលក់ផ្លែឈើ និងបន្លែនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សជាច្រើនកំពុងស្វែងរកអាហារនៅក្នុងធុងសំរាម។ Sandra Boluch ដែលជាអ្នកលក់បន្លែនៅ Buenos Aires បាននិយាយថា ការលក់ថ្មីៗនេះបានធ្លាក់ចុះខ្លាំង ដោយសារមនុស្សមិនទិញបន្លែល្អៗនោះទេ ពោលគឺពួកគេចាំយកតែបន្លែខូចៗ ឬរបស់ដែលបោះចោលប៉ុណ្ណោះ។
Boluch បានបន្តទៀតថា “យើងមានធុងសំរាមនៅខាងក្រោយដើម្បីបោះចោលអាហារដែលខូច ដោយគ្រាន់តែយកថង់សំរាមទៅទីនោះភ្លាម មនុស្សប្រហែល ២០ នាក់ស្រាប់តែរត់ដណ្តើមយករបស់ដែលបោះចោលនោះទេម្តង”។ រឿងនេះធ្លាប់កើតឡើងកាលប៉ុន្មានឆ្នាំមុន ប៉ុន្តែថ្មីៗនេះករណីនេះក៏បានកើតឡើងម្តងទៀត ហើយជាពិសេសក្នុងចំណោមមនុស្សចាស់ដែលគ្មានប្រាក់ចំណូល ដោយសារអតិផរណាបានកើនឡើង។
បើយោងតាមរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ២០២៣ ដោយដាក់សម្ពាធលើផែនការកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី Javier Milei ។
គោលនយោបាយរឹតបន្តឹងដូចជា កាត់បន្ថយការចំណាយរបស់រដ្ឋ ការកំណត់គោលដៅឧបត្ថម្ភធនសម្រាប់អ្វីៗដូចជាឧបករណ៍ប្រើប្រាស់ ការដឹកជញ្ជូន និងការស្វែងរកការសម្រួលកម្មវិធីសុខុមាលភាពបានធ្វើឱ្យមានសម្ពាធដល់ជីវិតរបស់ប្រជាជន។ ជាពិសេស រដ្ឋាភិបាលក៏បានទម្លាក់តម្លៃប្រាក់ប៉េសូលើសពី ៥០% កាលពីចុងឆ្នាំមុន ដែលជំរុញឱ្យមានអតិផរណា ធ្វើឱ្យប្រជាជនគ្រប់វណ្ណៈពិបាក។
គួរបញ្ជាក់ដែរថា អាហ្សង់ទីនកំពុងរៀបចំបញ្ចេញទិន្នន័យអតិផរណាខែកុម្ភៈជាមួយនឹងការកើនឡើងប្រចាំខែប្រហែល ១៥.៣% ធ្លាក់ចុះពី ២០% ក្នុងខែមករា និង ២៥% កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងប្រទេសនេះក៏បាននិយាយផងដែរថា ស្ថានភាពក្នុងខែមីនាអាចកាន់តែ “ស្មុគស្មាញ” នៅពេលដែលសេដ្ឋកិច្ចនៅតែអាប់អួរ ដោយសារការលក់ និងសកម្មភាពផលិតកម្មធ្លាក់ចុះ៕










