បរទេស៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យបរិភោគអណ្តើកសមុទ្រ ដោយសារមនុស្សជាច្រើនបានបាត់.បង់.ជីវិត បន្ទាប់ពីបរិភោគសាច់អណ្តើកសមុទ្រ។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ យោងតាម The Guardian បានឱ្យដឹងថា មានមនុស្សប្រហែល ៩ នាក់បានបាត់.បង់.ជីវិត ដោយក្នុងនោះកុមារមានចំនួន ៨នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេរកឃើញថាបានស្លា.ប់នៅក្នុងប្រជុំកោះ Zanzibar ខណៈដែលមនុស្ស ៧៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើកសមុទ្រ។
សាច់អណ្តើកសមុទ្រត្រូវបានចាត់ទុកថាជាអាហារដ៏ឆ្ងាញ់មួយនៅក្នុងប្រជុំ Zanzibar ប៉ុន្តែការបរិភោគវាគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារវាមានសារធាតុ chelonitoxism ដែលជាសារធាតុពុល និងមានឥទ្ធិពលខ្លាំងអាចបណ្តាលឱ្យមនុស្សស្លាប់ភ្លាមៗ នៅពេលដែលពួកគេបរិភោគវា។
មន្ត្រីពេទ្យស្រុក Mkoani លោកវេជ្ជបណ្ឌិត Haji Bakari បាននិយាយថា មនុស្សពេញវ័យដែលបានស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាម្តាយរបស់កុមារម្នាក់ក្នុងចំណោមកុមារដែលបានស្លាប់នោះ។ លោកបានបន្តទៀតថា តាមការពិនិត្យនិងធ្វើតេស្តពីមន្ទីរពិសោធន៍ បានរកឃើញថា ជនរងគ្រោះទាំងអស់សុទ្ធតែបានបរិភោគសាច់អណ្តើកសមុទ្រ នេះមានន័យថា ពួកគេពិតជាបានពុលអាហារមកពីការបរិភោគអណ្តើកពិតមែន មិនមែនពួកគេរងគ្រោះដោយសារជំងឺ ឬពុលអាហារអ្វីផ្សេងនោះទេ។
ភ្លាមនោះអាជ្ញាធរនៅក្នុងតំបន់កោះ Zanzibar ដែលជាតំបន់ពាក់កណ្តាលស្វយ័តនៃប្រទេសអាហ្វ្រិកខាងកើតក្នុងប្រទេសតង់ហ្សានីបានបញ្ជូនក្រុមគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានជំរុញនិងដាស់តឿនប្រជាពលរដ្ឋឱ្យជៀសវាងការបរិភោគអណ្តើកសមុទ្រ ឬយល់ល្អកុំបរិភោគសាច់អណ្តើកសមុទ្រក៏បានដែរ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី ១ ទេដែលប្រជាពលរដ្ឋបរិភោគអណ្តើកសមុទ្រមានការពុល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មនុស្ស ៧ នាក់ រួមទាំងក្មេងអាយុ ៣ ឆ្នាំម្នាក់ក៏បានបាត់បង់ជីវិតនៅលើកោះ Pemba ផងដែរ បន្ទាប់ពីពួកគេបានបរិភោគសាច់អណ្តើក ហើយបីនាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕










