នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងចូលរួមកម្មវិធីដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ ហេតុដូច្នេះនឹងមានការបិទផ្លូវពីម៉ោង១២យប់ រហូតដល់ម៉ោង១ថ្ងៃត្រង់ នៅថ្ងៃទី១៣។
ការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនេះ នឹងចាប់បិទពីកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។
សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា៕













