ជំនួបលោកយាយ ណយ សំណាង និងអ្នកស្រី នួន សារី ហៅយាយយ៉យ ក្នុងពិធី «អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» កាលពីថ្ងៃទី៧ ខែមីនា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមរំជួលចិត្តយ៉ាងខ្លាំងដោយតារាកំប្លែង យាយយ៉យ ស្រក់ទឹកភ្នែកតែម្តងនៅពេលបានសំណេះសំណាលជាមួយលោកយាយ ណយ សំណាង។ ការលេចមុខក៏កម្ររបស់លោកយាយ ណយ សំណាង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយគ្នានេះតារាចម្រៀងនេន ទុំ បានទៅជួបអតីតសិល្បការិនីជើងចាស់រូបនេះ ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ចូលទៅរិះគន់ចំៗថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍លើលោកយាយ ណយ សំណាង។
កាលពីថ្ងៃទី១០ ខែមីនា លោក នេន ទុំ បានបង្ហោះវីដេអូជាង៤នាទីដោយដាក់ចំណងជើងថា «ទៅច្រៀងអាយ៉ៃ ផ្ទះម៉ែ ណយ សំណាង»។ ក្នុងវីដេអូនេះ នេន ទុំ បានសំណេះសំណាងសួរសុខទុក្ខលោកយាយ ណយ សំណាង មានបំណងចង់ច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយខ្លួនប៉ុន្តែលោកយាយមិនអាចច្រៀងបានទេ។ តារាចម្រៀងរូបនេះបាននិយាយទៀតថាលោកទើបមកពីថតហើយបានសុំយិនស៊ិនមកពីប្រទេសកូរ៉េជូនលោកយាយ ណយ សំណាង ពិសារ រួមទាំងនាំយកគ្រឿងបរិភោគដូចជាអង្ករ មី ទឹកសាអ៊ីវផងដែរ។
ទឹកចិត្តដ៏ប្រពៃរបស់លោក នេន ទុំ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរលោកព្រមទាំងលើកឡើងថាទង្វើនេះបានបុណ្យច្រើនមិនខាន។ ទោះយ៉ាងណាទន្ទឹមនឹងមានមតិសរសើរព្រោងព្រាតក្នុងនោះក៏មានមតិរិះគន់ដូចគ្នាទៅលើតារាចម្រៀងរូបនេះដោយបានលើកឡើងថាលោកឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ទៅលើលោកយាយ ណយ សំណាង។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បញ្ចេញមតិថា «កុំយកគាត់មកធ្វើជាឧបករណ៍រកស៊ីអី ពេលគេមិនបង្ហោះរូបគាត់តើអ្នកនៅឯណា មនុស្សកាមេរ៉ា មិនសំដៅលើនេនទុំតែម្នាក់ទេ គឺគ្រប់មនុស្សដែលឆ្លៀតឱកាសកេងចំណេញតាមរយៈកាម៉េរ៉ា»។ ប្រយោគនេះដែរ តារាចម្រៀង នេន ទុំ បានចូលទៅឆ្លើយតបវិញថា «បងស្គាល់នេនទុំមិនទាន់ច្បាស់ទេ នេះជាវីដេអូចាស់ទេ ផុតម្តងទៀត ជួយគ្នាផុសគាត់ ឱ្យគាត់កាន់តែផ្ទុះ ក្រែងមានអ្នកជួយគាត់បានប្រសើរជាងនេះ ទាន់ទេបង»។
កន្លងមកនេះលោក នេន ទុំ ក៏បានជួយអតីតសិល្បការិនីជើងចាស់ តារាសម្ដែង គង់ ប៊ុនសុន ដែលធ្លាក់ខ្លួនទូលនំលក់ផងដែរធ្វើឱ្យទស្សនិកជនសរសើរលោកមិនដាច់ពីមាត់។.png)
គួរបញ្ជាក់ផងដែរថា លោកយាយ ណយ សំណាង ជាអតីតតារាកំប្លែង តារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញរួមទាំងជាអតីតតួឯកល្ខោននិយាយដ៏ល្បី និងត្រូវជាម្តាយរបស់តារាចម្រៀង វណ្ណាស័ក្តិ។ សព្វថ្ងៃលោកយាយ ណយ សំណាង មានអាយុ៧៦ឆ្នាំដោយមានជំងឺប្រចាំកាយជាប់ខ្លួននិងវង្វេងស្មារតីម្តងៗ៕










