សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ បានប្រសូតនៅថ្ងៃ ១១ មីនា ឆ្នាំ ១៨៨៣ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។
យោងតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
សម្ដេច ត្រូវបានពលរដ្ឋខ្មែរគ្រប់ជំនាន់ ចាត់ទុកជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ដោយបានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរជាដើម ដែលកូនខ្មែរជំនាន់ក្រោយតែងតែប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ផងដែរថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គតកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ ព្រះវស្សា គិតមកទល់នឹងពេលនេះអស់រយៈពេល៥៥ឆ្នាំហើយ ដែលកម្ពុជា បានបាត់បង់អ្នកប្រាជ្ញ និងជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ៕










