ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរថៃបាន រឹ.បអូ.ស គ្រឿងទេស ក្លែ.ងក្លា.យ ម៉ាកល្បីជិត៧ម៉ឺនកញ្ចប់នៅតំបន់ផលិត និងចែកចាយធំៗក្នុងប្រទេសថៃ ដើម្បីទប់ស្កាត់កុំឱ្យពួកឈ្មួញលក់ផលិតផលនេះទៅកាន់ទីផ្សារ ។ ក្នុងរយៈពេល៤ខែកន្លងមក អាជ្ញាធរបានចុះបង្ក្រាបផលិតផលក្លែងក្លាយ ចំនួន១១០ករណី ។
លោក Wutthikrai Leeweeraphan មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រទេសថៃលើកឡើងថា លោកបានសហការជាមួយកម្លាំងសមត្ថកិច្ច, នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងអ្នកតំណាងម្ចាស់កម្មសិទ្ធិមកពីក្រុមហ៊ុននានា ចុះទៅបង្ក្រាបផលិតផលក្លែងក្លាយរំលោភកម្មសិទ្ធិបញ្ញានៅតំបន់ផលិត និងចែកចាយធំៗ ដើម្បីទប់ស្កាត់ការចែកចាយផលិតផលរំលោភកម្មសិទ្ធិបញ្ជា ទៅកាន់ទីផ្សារនានា ។
លោកបន្តថា លោកបានចុះទៅខេត្តមួយចំនួន ដូចជា ៖ ខេត្តឧត្តរថានី, នគររាជសីម៉ា, នគរស្រ៊ីថាម៉ារាជ, សុងក្លា, ក្រៈប៊ី, ភូកេត, ឈុនបុរី, ណាខនណាយក, ស្រះកែវ, ចាន់ថាក់បុរី, ត្រាច, រ៉ាក់យ៉ង, ឆាក់ឈើងសៅ, ឈៀងម៉ៃ, ឈៀងរ៉ាយ, ឡាំផូន, ផាក់យ៉ៅ, ព្រះនគរស្រ៊ីអាយុធ្យា, ប៉ាថុមថានី និងនុនថាក់បុរី ។ ក្រៅពីនេះ លោកក៏បានចុះទៅផ្សារទំនើប MBK Center, ផ្លូវខាវសាន, ប្រាទូណាម, ផ្សារទំនើបផ្លាទីនៀម និងតំបន់សាំផេង ផងដែរ ។
ការចុះទៅតាមបណ្តាខេត្តនានា និងតំបន់មួយចំនួនក្នុងទីក្រុងបាងកក លោក Wutthikrai បញ្ជាក់ថា គឺដើម្បីត្រួតពិនិត្យការលក់ផលិតផលខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងអំពីផលប្រយោជន៍របស់កម្មសិទ្ធិបញ្ញាផងដែរ ។ ហេតុនេះ វាជាការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេស ព្រមទាំងការពារពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយសារការបរិភោគផលិតផលក្លែងក្លាយគ្មានស្តង់ដារ ។
លោក Wutthikrai មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាលើកឡើងថា ៖ «ក្នុងរយៈពេល៤ខែកន្លងមក (គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤) ក្រុមអាជ្ញាធរបានបង្ក្រាប និងចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកលក់ ឬចែកចាយផលិតផលខុសច្បាប់ទាំងអស់ រួមទាំងផលិតផលលក់តាមអនឡាញផងដែរ សរុបទាំងអស់ស្មើនឹង១១០ករណី ។ រីឯផលិតផលខុសច្បាប់ស្មើនឹង៨៩.០៣១ដុំ ហើយក្នុងចំណោមផលិតផលខុសច្បាប់ទាំងនេះ គឺមានគ្រឿងទេសក្លែងក្លាយម៉ាកល្បី ចំនួន៦៩.៤០៤ដុំ ដែលមានគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ» ។
គួរបញ្ជាក់ថា អ្នកលក់ផលិតផលក្លែងក្លាយនឹងត្រូវជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន៤សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។ រីឯអ្នកលក់ផលិតផលរំលោភកម្មសិទ្ធិបញ្ញា នឹងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន៨សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕










