សហរដ្ឋអាមេរិក ៖ អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបានថ្លែង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ថា ប្រទេសចិនអាចធ្វើឱ្យទីផ្សាររថយន្តអាមេរិកសម្បូរដោយរថយន្តអគ្គិសនីតម្លៃថោកៗ ។ រដ្ឋមន្ត្រីក្រសួងថាមពលបានលើកឡើងបែបនេះ ក្រោយពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញការបារម្ភពីរថយន្តអគ្គិសនីចិន ប្រមាណ១សប្តាហ៍មុននេះ ។
អ្នកនាង Jennifer Granholm រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក បានថ្លែងក្នុងអំឡុងពេលពិភាក្សាអំពីគេហទំព័រព័ត៌មានមួយឈ្មោះ Axios ថា ៖ «យើងបារម្ភយ៉ាងខ្លាំងថា ចិននឹងមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មយានយន្តរបស់អាមេរិក បើទោះជាបច្ចុប្បន្ននេះ យើងនឹងបង្កើតហេដ្ឋារចនាសម័្ធន្ធសំខាន់សម្រាប់ផលិតកម្មរថយន្តក្តី» ។
អ្នកនាង Jennifer Granholm បន្តថា ៖ «យើងបានឃើញស្ថានការណ៍ស្រដៀងគ្នានេះ កើតឡើងក្នុងផ្នែកឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យផងដែរ ដែលមានផលិតផលហូរចូលមកទីផ្សារពេញទាំងអស់» ។
ចំណែកសារព័ត៌មាន CNBC រាយការណ៍ថា គេមើលឃើញថា ប្រទេសចិនបានគំរាមកំហែងដល់ឧស្សាហកម្មយានយន្តរបស់អាមេរិក ដោយសារចំនួនការនាំចេញរថយន្តរបស់អាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ។ រីឯក្រុមហ៊ុនផលិតរថយន្តផ្សេងៗ ដូចជា ៖ General Motors ក៏បានកាត់បន្ថយទំហំប្រតិបត្តិការនៅក្រៅប្រទេសផងដែរ ។
បើតាមទិន្នន័យរបស់សមាគមផលិតរថយន្តចិនបញ្ជាក់ថា ចិនបាននាំចេញរថយន្តជិតស្មើ៥លានគ្រឿងនៅឆ្នាំ២០២៣ ហើយចិនបានវ៉ាដាច់ជប៉ុន ។ ហេតុនេះ ចិនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ។ Fitch Ratings បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣ ថា បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនបានបង្ហាញរថយន្តថ្មីៗ ហើយទស្សនវិស័យរបស់ក្រុមហ៊ុនទាំងនេះនៅតែមានស្ថិរភាព បើទោះជាមានកំណើនការប្រកួតប្រជែងក្តី ។
អ្នកនាង Jennifer Granholm បន្ថែមថា ៖ «ចិនកំពុងបណ្តាក់ទុនស្មើទឹកប្រាក់ដ៏ច្រើនមហាសាល ក្នុងគោលបំណងពង្រីកអាជីវកម្មដើម្បីគ្រប់គ្រងទីផ្សារពិភពលោក ។ហេតុនេះ យើងត្រូវយល់ថា វាជាចំណុចសំខាន់គួរឱ្យពិចារណាសម្រាប់អតិថិជនចង់ទិញរថយន្តមានតម្លៃថោក ។ ប៉ុន្តែយើងអាចធ្វើបាន ហើយអាចរក្សាស្ថិរភាពទីផ្សារអាមេរិកបាន» ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សេតវិមានអាមេរិកប្រកាសថា អាមេរិកនឹងស៊ើបអង្កេតថា តើការនាំចូលរថយន្តចិននឹងគំរាមកំហែងដល់សន្តិសុខអាមេរិកដែរឬទេ? ដោយសារអាមេរិកបារម្ភថា យានជំនិះទាំងនេះអាចប្រមូលទិន្នន័យលម្អិតពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធ ហើយបញ្ជូនទិន្នន័យទៅឱ្យប្រទេសចិន ៕










