ផ្លែស្ត្របឺរី គឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយទូទាំងសកលលោក វាមានរសជាតិជូរផ្អែម និងមានពណ៌ក្រហម ជាមួយអត្ថប្រយោជន៍សុខភាពជាច្រើន ហើយមានគ្រប់រដូវក៏ដូចជាមានតម្លៃសមរម្យ ងាយរកនៅតាមទីផ្សារនានា។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញច្រើន ហើយចង់រក្សាផ្លែស្ត្របឺរីឱ្យស្រស់ល្អពេញមួយខែ ដោយមិនខូចខាត អ្នកអាចសាកល្បងគន្លឹះងាយៗដូចខាងក្រោម៖
១.ជ្រើសរើសផ្លែស្ត្របឺរីដែលល្អ៖ ផ្លែស្ត្របឺរីមានល្អនិងមិនល្អដូចផ្លែឈើដទៃទៀតដែរ ផ្លែស្ត្របឺរីល្អគេមើលពណ៌ក្រហមភ្លឺ ទងស្លឹកបៃតងជាប់នឹងខ្លួនផ្លែ និងមានក្លិនក្រអូបស្រាល រួមទាំងមានទឹកតិច។ រីឯផ្លែស្ត្របឺរីមិនល្អវិញគឺមិនមានក្លិន និងមានស្លឹកជ្រុះចេញពីផ្លែ ក៏ដូចជាមានទឹកច្រើន បើផ្លែមានលក្ខណៈទាំងនេះអ្នកមិនគួរទិញទេ។
២.ត្រាំ ឬលាង៖ នៅពេលដែលអ្នកជ្រើសរើសផ្លែស្ត្របឺរីដែលល្អហើយ ដំបូងត្រូវត្រាំផ្លែស្ត្របឺរីក្នុងទឹកអង្ករមួយសន្ទុះ ដើម្បីជួយកម្ចាត់ជាតិកខ្វក់ចេញពីគល់ស្លឹក និងគល់ផ្លែ ព្រោះ ទឹកអង្ករមានប្រសិទ្ធភាពបន្សាបជាតិពុលនៃសំណល់ថ្នាំសម្លាប់សត្វល្អិត។ បន្ទាប់មកលាងផ្លែស្ត្របឺរីថ្នមៗក្នុងទឹកស្អាត លាយជាមួយទឹកខ្មេះបន្តិច រួចចុងក្រោយលាងទឹកស្អាតចេញម្តងទៀតដោយថ្នមៗ ដើម្បីធានាថាក្លិនជូររបស់ទឹកខ្មេះបាត់។ ទោះជាយ៉ាងណា ចូលចំណាំថាកុំត្រាំផ្លែស្ត្របឺរីយូរពេក ឬលាងវាខ្លាំងពេក ព្រោះវាងាយមានស្នាមជាំ និងងាយបាត់បង់រសជាតិដើម។
៣.បង្ហូរឬជូតឱ្យស្ងួត៖ បន្ទាប់ពីលាងផ្លែស្ត្របឺរីរួច ជូតវាថ្នមៗឱ្យស្ងួតម្តងមួយៗ ឬដាក់វាក្នុងកន្ត្រកស្តើង ដើម្បីបង្ហូរតាមធម្មជាតិ ឬអ្នកអាចប្រើក្រណាត់ស្អាត ឬក្រដាសផ្ទះបាយដើម្បីសម្ងួតវាឱ្យបានហ្មត់ចត់មុនពេលរក្សាទុក។
៤.របៀបរក្សាទុកឱ្យស្រស់ល្អពេញមួយខែ៖ ប្រើប្រអប់ឯកទេសសម្រាប់ទុកដាក់អាហារ ដោយគ្របវាជាមួយស្រទាប់កន្សែងក្រដាសស្ងួត ឬក្រណាត់ទន់ស្អាត បន្ទាប់មកដាក់ស្រទាប់ផ្លែស្ត្របឺរី និងស្រទាប់កន្សែងក្រដាសពីលើ។ រួចរៀបចំស្រទាប់ផ្លែស្ត្របឺរីនីមួយៗរហូតទាល់តែផ្លែស្ត្របឺរីអស់ ហើយជាចុងក្រោយបិទគម្របទុកក្នុងទូទឹកកក។ ជាមួយនឹងវិធីនេះ ប្រសិនបើអ្នកដាក់ប្រអប់ក្នុងទូទឹកកក អ្នកអាចរក្សាទុកផ្លែស្ត្របឺរីបានមួយខែ ហើយនៅតែស្រស់ដដែល៕










