សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអាមេរិកកំពុងតែដាក់ ស.ម្ពា.ធ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ឈ្មោះ ByteDance លក់កម្មវិធីបណ្តាញសង្គម TikTok របស់ខ្លួនត្រឹមរយៈពេល៦ខែ មុនពេលរដ្ឋាភិបាលអាមេរិកលុប TikTok ចេញពី App Store ដើម្បីកុំឱ្យពលរដ្ឋអាមេរិកប្រើប្រាស់បណ្តាញសង្គមនេះ ។
បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងអំពីទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម TikTok អាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលចិន ។ ហេតុនេះ វាធ្វើឱ្យគណបក្សនយោបាយទាំងពីររបស់អាមេរិកដាក់សម្ពាធផ្នែកផ្លូវច្បាប់យ៉ាងខ្លាំង ។ ចំណែកក្រុមហ៊ុន TikTok បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងផងដែរ ហើយនិយាយថា នេះជាការហាមឃាត់ការប្រើប្រាស់ទាំងស្រុង ។

ក្រុមហ៊ុន TikTok បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកចេញច្បាប់នេះ គឺជាការជាន់ឈ្លីលើសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិក ដែលមានចំនួន១៧០លាននាក់ ហើយវាក៏ជាការបំផ្លាញក្រុមហ៊ុនអាជីវកម្មតូចៗ ស្មើជាង៥លានក្រុមហ៊ុនទៀតផង ។
សេចក្តីព្រាងច្បាប់ដែលអនុម័តដោយរដ្ឋសភាអាមេរិកបានចែងថា TikTok ស្ថិតនៅក្រោមគ្រប់គ្រងរបស់ប្រទេសផ្សេង ហើយប្រទេសនេះតាំងខ្លួនជាសត្រូវជាមួយអាមេរិក ។ លើសពីនេះ ការប្រើប្រាស់ TikTok នឹងផ្តល់នូវហានិភ័យដល់សន្តិសុខជាតិ ដែលអាមេរិកពុំអាចទទួលយកបាន ។ ហេតុនេះ ក្រុមហ៊ុន ByteDance មានពេលត្រឹមតែ១៦៥ថ្ងៃប៉ុណ្ណោះ ក្នុងការដកដើមទុនវិនិយោគចេញពីអាមេរិក មុនពេលរដ្ឋាភិបាលអាមេរិកលុប TikTok ចេញពី App Store នៅអាមេរិក ។
កាលពីសម័យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំប្រទេស រដ្ឋសភារបស់អាមេរិក ក៏ធ្លាប់ប្រកាសហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok ផងដែរ ហើយពួកគេបានព្យាយាមហាមពលរដ្ឋអាមេរិកប្រើប្រាស់កម្មវិធីនេះទាំងស្រុង ៕










