គេហទំព័រ amusingplanet បានផ្សព្វផ្សាយពីរូបភាពទឹករលកសមុទ្ររាងការ៉េ ឬរលកសមុទ្រចម្លែក ឈ្មោះថា «Cross Wave ឬ Cross Sea» ដែលបានកើតឡើងនៅប្រទេសបារាំង ។ នេះចាត់ទុកថា គឺជាហេតុការណ៍មួយដែលកម្រកើតឡើងណាស់ ហើយមូលហេតុដែលបណ្តាលឱ្យទឹករលកសមុទ្រក្លាយជារាងការ៉េបែបនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុ២ផ្សេងគ្នា ។
បើគេសម្លឹងមើលទៅផ្ទៃខាងលើរបស់ទឹករលករាងការ៉េឃើញថា វាពិតជាមានរូបរាងស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំង ប៉ុន្តែអ្នកជំនាញលើកឡើងថា ទឹករលករាងការ៉េ ឬរាង៤ជ្រុងនេះ នឹងផ្តល់គ្រោះថ្នាក់ខ្លាំងដល់មនុស្ស ជាពិសេស វាអាចបង្កគ្រោះថ្នាក់ដល់នាវាសមុទ្រ ដែលត្រូវប្រឈមនឹងទឹករលកមកពីទិសដៅ២ផ្សេងគ្នាក្នុងពេលតែមួយ ។ ទឹករលកប្រភេទនេះពិតជាមានកម្លាំងខ្លាំងក្លា ហើយវាអាចធ្វើឱ្យនាវាសមុទ្រក្រឡាប់បាន ។
ទឹករលកសមុទ្រអាចបម្លាស់ទីបានក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅលើផ្ទៃទឹកសមុទ្រ បើទោះជាពេលមានខ្យល់ព្យុះបោកបក់ខ្លាំង ឬនៅពេលមានអាកាសធាតុល្អ គ្មានភ្លៀងធ្លាក់ក្តី ក៏អាចបណ្តាលឱ្យកើតបាតុភូតទឹករលកសមុទ្ររាងការ៉េដែរ រួមទាំងទឹករលកទូទៅ ។ នៅពេលមានហេតុការណ៍ប៉ះគ្នារវាងទឹករលក២ប្រភេទ ដែលបម្លាស់ទៅមកពីទិសដៅផ្សេងគ្នា វានឹងបណ្តាលឱ្យកើតទឹករលកសមុទ្ររាងការ៉េ ដូចគេបានឃើញក្នុងរូបភាពទាំងនេះ ។
បើទោះជាទឹករលកសមុទ្ររាងការ៉េមានគ្រោះថ្នាក់ខ្លាំងក្តី ប៉ុន្តែទឹករលកប្រភេទនេះពុំសូវកើតឡើងញឹកញាប់ទេ ។ គេកម្របានឃើញទឹករលកសមុទ្របែបនេះណាស់ ដោយសារកម្លាំងខ្យល់បក់នៅផ្នែកខាងលើផ្ទៃសមុទ្រ នឹងបំផ្លាញរូបរាងរបស់ទឹករលករាងការ៉េ និងទិសដៅរបស់វាបាន ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ amusingplanet ៕










