ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រជាជនចិនជាច្រើននាក់បានតម្រង់ជួរជាបន្តបន្ទាប់ដើម្បីជួលវ៉ែនតា Vision Pro ក្នុងតម្លៃ ៩៨ យន់ (ប្រមាណជាង ១៣ ដុល្លារអាមេរិក) ក្នុងមួយម៉ោង ដើម្បីធ្វើការសាកល្បង ខណៈដែលផលិតផលរបស់ Apple នេះមិនទាន់មានលក់ជាផ្លូវការនៅក្នុងប្រទេសចិន។
យោងតាម South China Morning Post ដែលបានចុះផ្សាយកាលពីដើមខែមីនា បានឱ្យដឹងថា វ៉ែនតាចម្រុះ Vision Pro របស់ក្រុមហ៊ុន Apple ត្រូវបានដាក់លក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក ហើយបានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ទោះបីជាទីផ្សារនេះមិនទាន់មានកាលបរិច្ឆេទបើកដំណើរការក៏ដោយ។ នៅលើបណ្តាញសង្គម Weibo ប្រធានបទ Apple Vision Pro មានអ្នកចូលមើលច្រើនជាង ៦០ លានដង ហើយពាក្យគន្លឹះ Vision Pro មាន ១២ លាន views។
នេះបើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា Vision Pro ទំនងនឹងត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសចិននៅដើមខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple បានបញ្ចប់ដំណើរការចុះឈ្មោះជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន។ យោងតាម SCMP ការយល់ដឹងពីតម្រូវការដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់ ពាណិជ្ជករចិនបានបញ្ជាទិញ ក៏ដូចជានាំយកវ៉ែនតាមួយចំនួនមកប្រទេសដើម្បីបើកសេវាកម្មជួល។ ហេតុនេះសេវាកម្មជួលវែនតាកំពុងរីកដុះដាលខ្លាំងនៅក្នុងតំបន់មួយចំនួនរួមមាន៖ សៀងហៃ ស៊ីអាន ណានជីង និងជាំងស៊ូ។
តម្លៃជួលមានចាប់ពីប្រហែល ៩៨ យន់ (ប្រមាណ ១៣.៦២ ដុល្លារអាមេរិក) ក្នុងមួយម៉ោង និង ១៥០០ យន់ (ប្រហែល ២០៨ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ក៏ដូចជាផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការទិញឧបករណ៍នេះបន្ទាប់ពីទទួលបានបទពិសោធន៍។ នាយកប្រតិបត្តិ Song Lei បាននិយាយថា ហាងជួលវែនតាដ៏ធំបំផុតរបស់ពួកគេគឺនៅក្នុងផ្សារទំនើប Hopson One ភាគខាងកើតទីក្រុងប៉េកាំង និងស្វាគមន៍អតិថិជនជាង ១០,០០០ នាក់ចាប់ពីថ្ងៃទី ៤ ខែកុម្ភៈនេះតទៅ ដូច្នេះអតិថិជនត្រូវតែតម្រង់ជួរដើម្បីជួលឧបករណ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ ផលិតផល Apple Vision Pro នៅសហរដ្ឋអាមេរិកអ្នកប្រើប្រាស់កំពុងធ្វើការរិះគន់ដោយសារតម្លៃខ្ពស់ពេក និងសំពីងសំពោង មិនស្រួលពាក់ ឈឺក្បាល ឈឺត្រចៀកជាដើម។ ខណៈដែលនៅក្នុងប្រទេសចិនវិញ អតិថិជនមានការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មជួលក្នុងតម្លៃសមរម្យ ក៏ដូចជាឧបករណ៍មានភាពទាន់សម័យ និងបំពេញតាមតម្រូវការរបស់ប្រើប្រាស់៕










