ប្រទេសឥណ្ឌូណេស៊ី ៖ វានឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់យើង ប្រសិនបើតម្លៃអង្ករនៅតែកើនឡើងខ្ពស់បែបនេះ ខណៈយើងត្រូវចំណាយលើផ្នែកផ្សេងទៀត ដូចជា ៖ បង់ថ្លៃសាលាឱ្យកូនៗ ។ នេះជាការលើកឡើងរបស់អ្នកស្រី លិលិស សឺយ៉ានិ ជនជាតិឥណ្ឌូណេស៊ី អាយុ៥៤ឆ្នាំ ។
នៅឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌូណេស៊ីបានប្រឈមមុខជាមួយតម្លៃអង្ករកើនឡើងខ្ពស់ ដែលបានប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ នៅពេលតម្លៃអង្ករលើពិភពលោកកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល១៦ឆ្នាំ ។ តម្លៃអង្ករកើនឡើងនេះ ក្រោយពីឥណ្ឌាជាប្រទេសនាំចេញអង្ករច្រើនបំផុតលើពិភពលោក បាននាំចេញអង្ករមានកម្រិតកាលពីឆ្នាំ២០២៣ ព្រមទាំងគ្រោះរាំងស្ងួតផងដែរ ទើបធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករនៅឥណ្ឌូណេស៊ី ។
គេសង្កេតឃើញអតិថិជនជាច្រើននាក់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនជាស្ត្រីបាននាំគ្នាមកឈរតម្រង់ជួរយ៉ាងវែង ដើម្បីរង់ចាំទិញអង្ករតម្លៃថោកក្នុងផ្សារមួយកន្លែង ដែលរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភ ។ ពលរដ្ឋមកឈរប្រជ្រៀតគ្នានេះ ដោយសារមើលឃើញថា តម្លៃអង្ករនៅឥណ្ឌូណេស៊ីបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីឥណ្ឌូណេស៊ីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កាលពីឆ្នាំ២០២៣ ។
ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវ ហើយធ្វើឱ្យតម្លៃផលិតផលចាំបាច់កើនឡើងខ្ពស់នៅឥណ្ឌូណេស៊ី ។ រីឯការដាក់លក់អង្ករក្នុងផ្សារនេះ គឺរៀបចំឡើងដោយ «បួឡស់» ជាភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល ក្នុងទីក្រុងបេកាស៊ី ។
អ្នកស្រី ឃឺ ម៉ាស៊ី ជាអាជីវករលក់ដូង អាយុ៥៥ឆ្នាំ បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា គាត់សុខចិត្តឈរតម្រង់ជួរប្រជ្រៀតជាមួយគេឯងដើម្បីទិញអង្ករតម្លៃថោក ។ អ្នកស្រីប្រាប់ថា ៖ «ខ្ញុំចង់បានអង្ករ ទើបសម្រេចចិត្តមកឈរតម្រង់ជួរជាមួយគេ បើទោះជាត្រូវប្រជ្រៀតគ្នាក្តី ព្រោះខ្ញុំត្រូវការអង្ករ ។ បើនៅផ្សារវិញ អង្ករមានតម្លៃថ្លៃណាស់ តែបើខ្ញុំមកទិញនៅទីនេះ វាមានតម្លៃថោកជាង» ។
ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋសរុបចំនួន២៧០លាននាក់ ហើយអង្ករ គឺជាអាហារចម្បងសម្រាប់ពលរដ្ឋភាគច្រើននៅឥណ្ឌូណេស៊ី ។ តម្លៃអង្ករបានកើនឡើង១៦% តាំងពីឆ្នាំ២០២៣ មកម៉្លេះ ដោយសារបាតុភូតអេលនីណូ ដែលធ្វើឱ្យភ្លៀងធ្លាក់តិចជាងមុននៅទីកន្លែងជាច្រើនក្នុងតំបន់អាស៊ី ។ ហេតុនេះ វាធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលក់ផលិតផលអាហារក្នុងតម្លៃសមរម្យដល់ពលរដ្ឋ តាមរយៈការកំណត់គោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភនៅពេលតម្លៃផលិតផលកើនឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ។
ផ្សារមួយកន្លែងក្នុងទីក្រុងបេកាស៊ី បានលក់អង្ករតម្លៃថោកឱ្យពលរដ្ឋ ដោយសារទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ។ ផ្សារនេះបានដាក់លក់អង្ករច្រកថង់មានទម្ងន់៥គីឡូក្រាម ដែលមានតម្លៃ១ម៉ឺន៦រយរូពីក្នុង១គីឡូក្រាម (ស្មើប្រមាណ២ពាន់៥រយរៀល) ។ ភ្នាក់ងារស្វែងរកអាហាររបស់រដ្ឋាភិបាល «បួឡស់» បានលក់អង្ករមានកម្រិតឱ្យពលរដ្ឋ គឺពលរដ្ឋម្នាក់មិនអាចទិញអង្ករលើសពី២ថង់ទេ ដើម្បីការពារកុំឱ្យពួកគេទិញអង្ករយកទៅស្តុកទុក ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករក្នុងបរិមាណច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។ ហេតុនេះ គេប៉ាន់ស្មានថា វានឹងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារពិភពលោក កើនឡើងថែមទៀត ៕










