ប្រទេសឥណ្ឌា ៖ សារព័ត៌មានឥណ្ឌាបានរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា ការិយាល័យស្ថិតិជាតិឥណ្ឌាបង្ហាញថា សេដ្ឋកិច្ចឥណ្ឌាបានកើនឡើងរហូតដល់៨,៤% ឯណោះ នៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ កំណើននេះ គឺលើសពីការរំពឹងទុករបស់ធនាគារកណ្តាលឥណ្ឌាទៅទៀត ដែលធនាគារនេះរំពឹងថា សេដ្ឋកិច្ចឥណ្ឌា នឹងកើនឡើងត្រឹមតែ៧% ប៉ុណ្ណោះ ។
ចំណែកផលិតកម្មក្នុងវិស័យឧស្សាហកម្មនៅតែជាកត្តាដ៏សំខាន់ ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសឥណ្ឌារីកចម្រើនកាន់តែខ្លាំងឡើង ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ គឺវាបានកើនឡើងរហូតដល់១១,៦% ។ ហេតុនេះ ធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាកំណត់និន្នាការនៃការពង្រីកសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ចាប់ពីអត្រា៧,៣% មកស្មើនឹង៧,៦% ។
ជាមួយគ្នានេះ តួលេខសេដ្ឋកិច្ចខាងលើបានធ្វើឱ្យឥណ្ឌាក្លាយជាសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំ (G20) ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ។ បើតាមរបាយការណ៍បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌា បានកើនឡើង៧,២% ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។
ចំណែករបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចប្រទេសឥណ្ឌានឹងនៅតែរីកចម្រើនយ៉ាងរឹងមាំក្នុងឆ្នាំបន្ទាប់ទៀត ដោយសារតែការផ្លាស់ប្តូរនៃតម្រូវការក្នុងស្រុក ហើយវាផ្ទុយគ្នាជាមួយស្ថានការណ៍ក្នុងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ី ៕










