Home ព័ត៌មានជាតិ ភ្ញៀវទេសចរបរទេសសម្រុកនាំគ្នាជិះរទេសគោ ក្នុងខេត្តកំពង់ឆ្នាំង

ភ្ញៀវទេសចរបរទេសសម្រុកនាំគ្នាជិះរទេសគោ ក្នុងខេត្តកំពង់ឆ្នាំង

158
0

កំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា ដែលជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ ធ្វើអំពីដី។

នៅដើមឆ្នាំ ២០២៤នេះ ចំនួនភ្ញៀវទេសចរសម្រុកទៅទស្សនាខេត្តកំពង់ឆ្នាំង ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទេសចរបរទេស បានកើនឡើងជាង ៤៨ភារយ។

បើយោងតាមប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានលើកឡើងថា៖”ភ្ញៀវដែលជាទេសចរបរទេសភាគច្រើនធ្វើដំណើរតាមកប៉ាល់ ហើយបានមកឈប់សំចតនៅកំពង់ត្រឡាចក្រោម រួចបន្តដំណើរដោយជិះរទេះគោមកទស្សនាព្រះវិហារ និងផ្ទាំងគំនូរ នៅវត្តពោធិ៍រុក្ខារាម (វត្តកំពង់ត្រឡាចលើ) ដែលជាវត្តបុរាណមួយ ស្ថិតក្នុងឃុំកពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង”។

ក្រោយពីទស្សនាចប់ ភ្ញៀវទេសចរទាំងនោះ បានបន្តដំណើរតាមកប៉ាល់ មកឈប់សំចតនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីទស្សនាទេសភាព និងការរស់នៅរបស់ប្រពលរដ្ឋតាមដងទន្លេសាប និងបានធ្វើដំណើរតាមម៉ូតូកង់បី ទៅកាន់ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាភូមិទេសចរមួយរបស់ខេត្តកំពង់ឆ្នាំង។

អ្នករស់នៅក្នុងភូមិអណ្តូងឬស្សីនេះ ភាគច្រើនប្រកបមុខរបរស្មូនឆ្នាំង ធ្វើវត្ថុអនុស្សាវរីយ៍ និងផលិតផលអំពីដីដុត ហើយការដែលមានភ្ញៀវទេសចរបរទេសច្រើនដូច្នេះ ក៏បាននាំចំណែកមួយចំនួននៃប្រាក់ចំណូលទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ៕