យោងតាម លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយលោកបានបង្ហោះរូបភាព អមជាមួយនឹងខ្លឹមសារថា៖”ថ្ងៃនេះទទួលបានការអនុញ្ញាតចុះបញ្ជីវិនិយោគចំនួន ២គម្រោងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមួយជាគម្រោងវិនិយោគសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មបោះទុនជាង ៥០០លានដុល្លារ និងគម្រោងកសិឧស្សាហកម្ម កែច្នៃផ្លែស្វាយ ខ្នុរ ធុរេន បោះទុនជាង ១៧លានដុល្លារ ដោយប្រមូលផលិតផលក្នុងស្រុកទាំងអស់”។
គម្រោងដ៏ធំទាំងពីរនេះ ទទួលបានការអនុញាតសាងសង់ និងបោះទន់វិនិយោគដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខផង និងជំរុញការអភិវឌ្ឍ សម្រាប់រយៈពេលមធ្យម និងវែងផង ខណៈដែលខេត្តព្រះសីហនុប្រឈមនឹងការរីកលូតលាស់យឺត និងមានបញ្ហាអគារជាប់គាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩៕










