ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោក ហើយការគ្រប់គ្រងរបស់ហ្វាំងឡង់ គឺកំណត់ឱ្យកុមារស្ថិតនៅចំណុចកណ្តាល ។ ហ្វាំងឡង់បានផ្តោតសំខាន់ទៅលើកូនសិស្សមានគុណភាពជីវិត និងមានសិទ្ធិស្មើៗគ្នានៅតាមសាលារៀន, គេហដ្ឋាន និងពេលវេលាផ្ទាល់ខ្លួន រួមទាំងស្មើភាពគ្នាផ្នែកការសិក្សាផងដែរ ។ ហេតុនេះ វាធ្វើឱ្យកូនសិស្សអាចរៀនសូត្រដើម្បីជំរុញចំណេះដឹងមូលដ្ឋាន និងការគិតដ៏ល្អចំពោះសង្គម ។
កូនសិស្សគ្រប់រូបនៅប្រទេសហ្វាំងឡង់ មានសិទ្ធិទទួលបានការសិក្សាមិនគិតថ្លៃនៅតាមសាលារៀនមានគុណភាពល្អនៅទូទាំងប្រទេស ដើម្បីឱ្យកូនសិស្សអាចរៀនសូត្រតាមរយៈការលេង ពីព្រោះហ្វាំងឡង់ផ្តល់ភាពសំខាន់ចំពោះការសិក្សា ជាពិសេស ក្នុងកម្រិតមុនអាយុចូលរៀនរបស់សិស្ស ។ ការលេងជាមួយមិត្តភក្តិនឹងធ្វើឱ្យកុមារអាចអភិវឌ្ឍន៍ខ្លួន និងរីកចម្រើនគ្រប់ផ្នែកយ៉ាងមានគុណភាព ។
ចំណែកការរៀនសូត្រលក្ខណៈផ្ទាល់ខ្លួនវិញ ប្រព័ន្ធអប់រំហ្វាំងឡង់គ្មានការពិនិត្យដើម្បីវាស់ស្ទង់ចំណេះដឹង ឬការប្រកួតប្រជែងទាំងកម្រិតគ្រឹះស្ថានអប់រំ និងកម្រិតបុគ្គល ។ ការរៀបចំឱ្យមានស្តង់ដារការសិក្សាស្មើភាពគ្នា គឺដើម្បីឱ្យកូនសិស្សគ្រប់រូបអាចសម្រេចនូវគោលដៅរបស់ខ្លួនតាមការចាប់អារម្មណ៍ និងភាពស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដោយគ្មានការកំណត់ផ្នែកការអប់រំទេ ។
ចំពោះម៉ោងសម្រាប់សិក្សា គឺកូនសិស្សត្រូវសិក្សាចំនួន៥ម៉ោងក្នុង១ថ្ងៃ ហើយក្នុង១មុខវិជ្ជា មានរយៈពេល៤៥នាទី ។ ការកំណត់បែបនេះ ដើម្បីឱ្យកូនសិស្សមានពេលវេលាផ្ទាល់ខ្លួនសម្រាប់រៀនសូត្រនូវអ្វីដែលពួកគេចាប់អារម្មណ៍ផ្សេងទៀត ។
នៅប្រទេសហ្វាំងឡង់មានត្រឹមតែការប្រឡងថ្នាក់ជាតិ (National Matriculation Exam) ប៉ុណ្ណោះ ក្រោយពីកូនសិស្សបានបញ្ចប់ការសិក្សា ។ រីឯការវាស់ស្ទង់កម្រិតការសិក្សា ពួកគេធ្វើឱ្យត្រឹមការវាស់ស្ទង់ផ្នែកគុណភាពផ្សេងៗ ដើម្បីអភិវឌ្ឍន៍ការរៀនសូត្រជំនាញផ្លូវអារម្មណ៍ និងសង្គមរបស់កុមារជាចម្បង ។ ចំណុចគួរឱ្យកត់សម្គាល់នោះ គឺគ្រូពុំសូវដាក់លំហាត់ ឬកិច្ចការផ្ទះឱ្យកូនសិស្សធ្វើទេ ។
ប្រទេសហ្វាំងឡង់បានកំណត់ឱ្យកុមារចូលរៀនចាប់ពីអាយុ៧ឆ្នាំ ឡើងទៅ ហើយពួកគេរៀនរយៈពេលខ្លីក្នុងសាលារៀន, លំហាត់តិច ដើម្បីឱ្យកុមារមានពេលវេលារៀនសូត្រនៅក្រៅថ្នាក់រៀន និងឈ្វេងយល់ពីពិភពលោកខាងក្រៅដោយខ្លួនឯង ។ កុមារទាំងឡាយអាចលេង និងធ្វើការងារអ្វីមួយដែលពួកគេស្ទាត់ជំនាញ និងចាប់អារម្មណ៍ ដើម្បីជំរុញការយល់ដឹងជាមូលដ្ឋានសម្រាប់ការចម្រើនវ័យរបស់ពួកគេ ។
លើសពីនេះ កុមារគ្រប់រូបមានសិទ្ធិបរិភោគអាហារមិនគិតថ្លៃនៅតាមសាលារៀន រហូតដល់ពួកគេបញ្ចប់ការសិក្សា ។ សាលារៀនបានផ្តល់អាហារថ្ងៃត្រង់ឱ្យកូនសិស្សទាំងអស់ តាំងពីឆ្នាំ១៩៤៣ មកម្ល៉េះ ហើយហ្វាំងឡង់បានបណ្តុះបណ្តាលគ្រូឱ្យមានគុណភាពដើម្បីជំរុញកម្រិតការអប់រំផងដែរ ។ រីឯគុណសម្បត្តិសម្រាប់ការក្លាយជាគ្រូបង្រៀន គឺខ្ពស់ណាស់ ហើយមានបេក្ខជនត្រឹមតែ១០% ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនដាក់ពាក្យទាំងអស់ ដែលត្រូវបានគេជ្រើសរើសឱ្យធ្វើជាគ្រូបង្រៀន ។
គ្រូបង្រៀននៅប្រទេសហ្វាំងឡង់ គឺពួកគេសិក្សាឱ្យចប់ថ្នាក់អនុបណ្ឌិតឡើងទៅ មិនថាពួកគេបង្រៀនសិស្សនៅកម្រិតណាទេ ។ គ្រូទាំងឡាយមានសេរីភាព និងទទួលបាននូវការគាំទ្រក្នុងការអភិវឌ្ឍវិធីសាស្ត្របង្រៀន ដើម្បីជំរុញឱ្យគ្រូអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ។
បើទោះជាហ្វាំងឡង់មានឈ្មោះថា មានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោកក្តី ប៉ុន្តែបុគ្គលិកផ្នែកអប់រំរបស់រដ្ឋ និងឯកជន នៅតែព្យាយាមស្វែងរកវិធីសាស្ត្រថ្មីៗជានិច្ច ដើម្បីឱ្យប្រព័ន្ធអប់រំកាន់តែអភិវឌ្ឍន៍ជឿនលឿនថែមទៀត ៕










