កម្ពុជា បានត្រៀមនាំយកសត្វខ្លាំធំ ឬខ្លាដំបងចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា ដែលនឹងដឹកជញ្ជូនឱ្យមករស់នៅក្នុងព្រៃជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២៤ នេះបើយោងតាម នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett)។
សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា មានឈ្មោលចំនួន ១ក្បាល និងញីចំនួន ៣ក្បាល។ សត្វខ្លាធំទាំង ៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕







