សហរដ្ឋអាមេរិក ៖ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញទិន្នន័យរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនចំនួន៣៨ ដែលបានបើកបរសាកល្បងនៅលើដងផ្លូវជាក់ស្តែងក្នុងរដ្ឋកាលីហ្វ័រញ៉ា ស្មើនឹងចម្ងាយផ្លូវសរុបជិត១៥លានគីឡូម៉ែត្រ ។ គេបានបែងចែកជារថយន្តបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ស្មើជាង៥លាន៣សែនគីឡូម៉ែត្រ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែមានភ្នាក់ងារនៅប្រចាំការ ស្មើជាង៩លាន៣សែនគីឡូម៉ែត្រ ។
រថយន្តរបស់ក្រុមហ៊ុនចំនួន៣ រួមមាន ៖ ក្រុមហ៊ុន Cruise, ក្រុមហ៊ុន Waymo និងក្រុមហ៊ុន Apollo បានគ្រប់គ្រងតំណែងជើងឯកកំពូលទាំង៣ ក្នុងចំណោមក្រុមហ៊ុនដែលមានចម្ងាយផ្លូវសាកល្បងច្រើនបំផុត ។ រថយន្តរបស់ក្រុមហ៊ុន Waymo អាចបើកបររហូតដល់៧លាន៨សែនគីឡូម៉ែត្រ បន្ទាប់មក គឺរថយន្តរបស់ក្រុមហ៊ុន Cruise អាចបើកបររហូតដល់៩៣ម៉ឺន៩ពាន់គីឡូម៉ែត្រ និងក្រុមហ៊ុន Zoox អាចបើកបរបាន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ។
ក្រៅពីនេះ នៅមានរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស គឺក្រុមហ៊ុន Apple បានចូលរួមសាកល្បងបើកបរផងដែរ ដែលមានរថយន្តសាកល្បងចំនួន៦៧គ្រឿង ។ រថយន្តរបស់ក្រុមហ៊ុន Apple បានបើកបរក្នុងចម្ងាយផ្លូវសរុបចំនួន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ប៉ុន្តែវាជាការបើកបររថយន្តដោយស្វ័យប្រវត្តិ និងមានភ្នាក់ងារចាំត្រួតពិនិត្យ ។
បើទោះជាតួលេខចម្ងាយផ្លូវរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិ ស្មើរាប់លានគីឡូម៉ែត្រក្តី ប៉ុន្តែ The Robot Report គឺជាភ្នាក់ងារព័ត៌មានមនុស្សយន្តដ៏ល្បីល្បាញ បានដាស់តឿនថា វាឆាប់រហ័សពេកហើយ ដែលគេសន្និដ្ឋានថា បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិនេះមានសុវត្ថិភាព ពីព្រោះរបាយការណ៍នេះមិនបានបង្ខំឱ្យក្រុមហ៊ុននានាបង្ហាញពីចំនួនគ្រោះថ្នាក់ ឬបង្ហាញពីចំណុចដែលរថយន្តមិនអាចសម្រេចចិត្ត ឬរថយន្តសម្រេចចិត្តខុសឆ្គង ។
លើសពីនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា ក៏ពុំបានកំណត់លក្ខខណ្ឌគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ទើបធ្វើឱ្យចំនួនគ្រោះថ្នាក់ស្មើជាង៦.៥៧០លើក នៅឆ្នាំ២០២៣ អាចតិចជាងចំនួនគ្រោះថ្នាក់ពិតប្រាកដ ។
ហេតុនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា គួរតែផ្អាកចេញលិខិតអនុញ្ញាតឱ្យបើកបរសាកល្បងសម្រាប់រថយន្តណា ដែលជារបស់ក្រុមហ៊ុនមិនផ្ញើរបាយការណ៍គ្រោះថ្នាក់ក្នុងពេលបើកបរ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់ផ្នែកសុវត្ថិភាព ហើយបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិត្រូវតែទទួលបានការអភិវឌ្ឍ និងកែលម្អបន្តទៀត មុនពេលរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឱ្យរថយន្តទាំងនេះផ្តល់សេវាកម្មបើកបរនៅតាមផ្លូវជាក់ស្តែង ៕










