តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បាននិយាយនៅក្នុងកម្មវិធីមួយថាក្នុងអាជីពសម្តែង១១ឆ្នាំមកនេះរូបនាងមិនដែលពេញចិត្តការសម្តែងរបស់ខ្លួនម្តងណាឡើយនៅពេលទស្សនាការសម្តែងរបស់ខ្លួនឡើងវិញ។ យូប៊ីន ថាការសម្តែងរបស់នាងគួរតែបានល្អជាងនេះទោះបីជាអ្នកដឹកនាំ ហ្វេនៗសរសើរថាល្អក្តី ហើយមកទល់ពេលនេះនាងនៅរៀនសម្តែងនៅឡើយទេ។
ក្នុងកម្មវិធី «តាម Trend » ស៊ីន យូប៊ីន បានចូលរួមផ្តល់បទសម្ភាសដោយទទួលសំណួរជាច្រើនពីពិធីករ ដេវីដ ទៅលើអាជីពរបស់នាង។ ទន្ទឹមនឹងការជជែករឿងរ៉ាវជាច្រើន នៅពេលពិធីករបានសួរថាភាពយន្តរបស់ ស៊ីន យូប៊ីន មួយណាដែលពេញចិត្តជាងគេ ខណៈនាងឆ្លើយតបថារាល់ស្នាដៃនាងសម្តែង នាងមិនដែលពេញចិត្តនោះទេ។ តារាស្រី ស៊ីន យូប៊ីន បាននិយាយថា «មិនដឹងអ្នកផ្សេងដូចជានាងឬអត់ទេនាងគឺជាតារាសម្តែងមិនដែលពេញចិត្តស្នាដៃខ្លួនឯងទាល់តែសោះ។ គួរតែបានលើសហ្នឹង ហេតុអ្វីធ្វើបានតែប៉ុណ្ណឹងនាងមានអារម្មណ៍បែបនេះរហូតទោះបីជាអ្នកដឹកនាំរឿង ក្រុមផលិត ឬក៏ហ្វេនសរសើរនាងថាល្អ ពូកែសម្តែង សម្តែងបានល្អធម្មជាតិ ប៉ុន្តែរាល់ពេលនាងអង្គុយមើលឡើងវិញអត់ដែលពេញចិត្តសមិទ្ធផលរបស់ខ្លួនឡើយ»។
ស៊ីន យូប៊ីន ថា ការមិនពេញចិត្តនេះមិនមែនដោយសារសាច់រឿងទេ សាច់រឿងគឺល្អ។ នាងបន្តថា ប្រឡូកវិស័យសម្តែងនេះអស់រយៈពេល១១ឆ្នាំមកហើយនាងនៅតែរៀនសូត្រពីការសម្តែង មនុស្សត្រូវការរៀនរហូតរៀនហើយរៀនទៀតទោះបីជាអាជីពយើងគិតថាធ្វើបានហើយប៉ុន្តែនាងគិតថានៅមានអ្វីថ្មីៗជាច្រើនទៀតត្រូវរៀន។
តារាសម្តែងក្រសោបពានជាច្រើនរូបនេះ បន្តថា «ក្នុងនាមជាតារាសម្តែងអ្វីដែលសំខាន់ជាងគេគឺការគោរពវិន័យ យើងមានវិន័យចំពោះខ្លួនឯង។ តារាសម្តែងដែលស្រលាញ់វិស័យនេះដោយបេះដូងគឺគាត់គោរពតួនាទីរបស់គាត់មិនមែនមកដល់ហើយចូល scene ថត Cut ហើយមកវិញនោះទេ។ មុននឹងចូលសិនតួសម្តែងគួរតែមើលពីចរិតតួត្រូវសម្តែងមានចរិតបែបមិច បានស្គ្រីបមកត្រូវសិក្សាពីវា។ តារាសម្តែងដែលពូកែមិនចាំបាច់ហូរទឹកភ្នែកទេ ប៉ុន្តែអាចធ្វើឱ្យទស្សនិកជនទស្សនាហូរទឹកភ្នែកបាន»។
ជាមួយការចែករលែកនេះ ស៊ីន យូប៊ីន ក៏បានសំណូមពរទស្សនិកជនកុំដៀលភាពយន្តខ្មែរប្រសិនជាភាពយន្តដែលខ្លួនមិនពេញចិត្តដៀលតែភាពយន្តនោះទៅបានហើយ។ ស៊ីន យូប៊ីន ថា ភាពយន្តខ្មែរមិនអន់នោះទេ សមត្ថភាពក៏មានតែអ្វីដែលខ្វះនោះគឺការគាំទ្រ និងថវិកាក្នុងការផលិត៕










