ប្រទេសជប៉ុន៖ ពិធីបុណ្យ Sominsai ដែលជាពិធីបុណ្យបុរសអា..ក្រាត..កាយ..មានអាយុកាលជាង ១ ពាន់ឆ្នាំនៅក្នុងប្រទេសជប៉ុន ជាប្រពៃណីចុងក្រោយបង្អស់ដែលត្រូវបានប្រារព្ធនៅឆ្នាំនេះ ខណៈដែលឆ្នាំក្រោយៗលែងមានពិធីបុណ្យនេះទៀតហើយ ដោយសារតែអ្នកស្រុកកាន់តែមានវ័យចំណាស់មិនអាចគ្រប់គ្រងការងាររៀបចំបានទៀតទេ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនប្រជាជនវ័យចំណាស់ និងការថយចុះការសម្រាលកូន ពិធីបុណ្យជប៉ុនដ៏ចំម្លែកនេះនឹងត្រូវបានលុបចោលតែម្តងនៅឆ្នាំក្រោយ។
កាលពីពេលថ្មីៗនេះយោងតាម The Japan Time ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថាពិធីបុណ្យ Sominsai ដែលត្រូវបានចាត់ទុកថាជាពិធីបុណ្យចម្លែកបំផុតមួយនៅក្នុងប្រទេសជប៉ុនត្រូវបានប្រារព្ធជាលើកចុងក្រោយនៅឆ្នាំនេះកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ដោយមានបុរសអា..ក្រាត..កាយរាប់ពាន់នាក់ចូលរួមប្រកួតប្រជែងគ្នាដណ្តើមថង់ពិសិដ្ឋដែលមានវត្ថុធាតុឈើដ៏មានតម្លៃមួយ ដោយជឿជាក់ថា អ្នកឈ្នះនឹងទទួលបានពរជ័យពីទេវតាក្នុងឆ្នាំថ្មី ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅប្រាសាទ Kokuseki ក្នុងខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន។
ការរៀបចំព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ និងភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានលុបចោលនៅឆ្នាំក្រោយៗ ដោយសារប្រជាជនកាន់តែចំណាស់ ហើយការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំបែបនេះគឺពិបាកណាស់។ លោក Toshiaki Kikuchi ដែលបានឈ្នះការប្រកួតដ៏ពិសិដ្ឋនេះនិងបានចូលរួមក្នុងការរៀបចំពិធីបុណ្យជាច្រើនឆ្នាំមកនេះ បានសម្តែងក្តីសង្ឃឹមថា ពិធីបុណ្យ Sominsai នឹងត្រឡប់មកវិញនាពេលអនាគត។ គាត់បាននិយាយថា “ខ្ញុំនៅតែចង់រក្សាប្រពៃណីនេះ ទោះបីជាវាប្រហែលជាត្រូវផ្លាស់ប្តូរទម្រង់នៃការរៀបចំក៏ដោយ។ អ្នកអាចយល់យ៉ាងច្បាស់ពីតម្លៃនៃសកម្មភាពជាច្រើន ប្រសិនបើអ្នកចូលរួមដោយផ្ទាល់” ។
អ្នកចូលរួមនិងអ្នកទស្សនាជាច្រើនក៏បានសម្តែងការសោកស្តាយផងដែរនៅពេលព្រឹត្តិការណ៍ត្រូវបានផ្អាក។ Yasuo Nishimura ជាគិលានុបដ្ឋាយិកាអាយុ ៤៩ ឆ្នាំមកពីទីក្រុង Osaka បាននិយាយថា នេះគឺជាពិធីចុងក្រោយនៃប្រពៃណីដ៏អស្ចារ្យមួយដែលមានរយៈពេលជាង ១,០០០ ឆ្នាំមកហើយ។ នាងបានបន្តទៀតថា ខ្ញុំពិតជាសោកស្តាយណាស់។
គួរបញ្ជាក់ដែរថា ភាពចាស់នៃចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន កំពុងកើតឡើងលឿនជាងមុនទ្វេដង។ ទិន្នន័យស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុនក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានបង្ហាញថា ប្រទេសនេះជាលើកដំបូងបានកត់ត្រាមនុស្សចំនួន ១២.៥០ លាននាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ ដែលស្មើនឹងជាង ១០% នៃចំនួនប្រជាជនសរុប។ ដូច្នេះចំនួនមនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំឡើងដល់ ២០ លាននាក់ ខណៈដែលសមាមាត្រនៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតគឺ ២៩.១%៕










