នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ស្ពានព្រែកប្រា-ចាក់អង្រែ ដែលមានតម្លៃប្រមាណ៦០លានដុល្លារ បានខួងសរសរគ្រឹះទី១ នៅត្រើយខាងកើត ពីចុងខែមករា ឆ្នាំ២០២៤។
គម្រោងស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះលើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។
សម្រាប់ការសាងសង់ស្ពាននេះ រដ្ឋាភិបាលកម្ពុជា ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើពេល៤២ខែក្នុងការសាងសង់។
សូមបញ្ជាក់ថា ស្ពាននេះស្ថាបនាមួយខ្សែ មានទទឹង ២៧ ម៉ែត្រ បណ្ដោយ៨៤៥,៧ម៉ែត្រ, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង៕










