ប្រទេសថៃ ៖ ប្រទេសថៃនៅតែជួបវិបត្តិបន្តទៀតពាក់ព័ន្ធនឹងបញ្ហាធូលីពុល ហើយបច្ចុប្បន្ន តំបន់ជាច្រើននៅប្រទេសថៃស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ជាក់ស្តែង នៅទីក្រុងបាងកក និងខេត្តឈៀងម៉ៃ មានគុណភាពខ្យល់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមានការបំពុលខ្លាំងបំផុតលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Nation កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លើសពីនេះ ស្ថានការណ៍នេះកាន់តែគួរឱ្យបារម្ភខ្លាំងឡើង នៅពេលមជ្ឈមណ្ឌលទំនាក់ទំនងការដោះស្រាយបញ្ហាបំពុលបរិយាកាស និងនាយកដ្ឋានគ្រប់គ្រងការបំពុលបរិយាកាសលើកឡើងថា ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រប់តំបន់របស់ប្រទេសថៃ លើកលែងតែខេត្តភាគខាងត្បូង នឹងមានធូលីពុលកើនឡើង ។
ចំណែកមូលហេតុបណ្តាលឱ្យកើតធូលីនៅលើបរិយាកាសនោះ ក្រៅពីអាកាសធាតុតាមរដូវកាល គឺវាកើតឡើងដោយសារការដុតតាមធម្មជាតិ ជាពិសេស ការដុតភ្លើងរបស់មនុស្ស ។ បើតាមការត្រួតពិនិត្យក្នុងផ្កាយរណបបង្ហាញថា តំបន់របស់ប្រទេសថៃ និងប្រទេសជិតខាង មានចំណុចក្តៅកើតឡើងជាច្រើនកន្លែង ។ កត្តាទាំងនេះបានធ្វើឱ្យប្រទេសថៃមានបញ្ហាធូលីយ៉ាងខ្លាំង រហូតធ្វើឱ្យមតិនានាសួរថា តើពេលណាទើបប្រទេសថៃ និងប្រទេសជិតខាងសហការគ្នាដោះស្រាយបញ្ហាធូលី និងផ្សែងឆ្លងព្រំដែន?
ថ្មីៗនេះ មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយប្រទេសថៃលើកឡើងថា យោងតាមទិន្នន័យពីក្រសួងការបរទេសថៃឱ្យដឹងថា ក្រសួងការបរទេសថៃ និងកម្ពុជា នឹងសហការគ្នាបង្កើត Hotline ដើម្បីដោះស្រាយបញ្ហាធូលី និងផ្សែងឆ្លងព្រំដែន ។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហាធូលី និងផ្សែង ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជាធ្វើដំណើរទស្សនកិច្ចមកប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ភាគីទាំងពីរបានយល់ព្រមសហការគ្នាដោះស្រាយបញ្ហាធូលី PM2.5 ព្រមទាំងផ្តល់ភាពសំខាន់ដល់បរិស្ថាន និងខ្យល់អាកាសបរិសុទ្ធប្រកបដោយនិរន្តរភាព ។
លើសពីនេះ ប្រទេសថៃ និងកម្ពុជា នឹងសហការគ្នាបង្កើត Hotline និងក្រុមការងារចម្រុះរវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ ជាមួយក្រសួងបរិស្ថានរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលប៉ះពាល់ដល់សុខភាពពលរដ្ឋ តាមការស្នើឡើងរបស់ភាគីថៃ ។
ក្រៅពីនេះ ក្រសួងការបរទេសនឹងជំរុញកិច្ចសហការផ្សេងៗ ដូចជា ៖ ការផ្លាស់ប្តូរព័ត៌មានតំបន់ក្តៅ និងការអភិវឌ្ឍសក្តានុពលឧបករណ៍, ការពន្លត់ភ្លើង និងការគ្រប់គ្រងផ្នែកកសិកម្ម រួមទាំងការផ្លាស់ប្តូរចំណេះដឹង និងព័ត៌មាន Hotspot ផ្សេងៗ បន្ទាប់ពីការសន្ទនាពីចម្ងាយ ។ រីឯភាគីកម្ពុជាបានឯកភាពលើសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងត្រៀមខ្លួនចែករំលែកព័ត៌មានប្រចាំថ្ងៃ និងតែងតាំងមន្ត្រីសម្របសម្រួលបញ្ហានេះ ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសបានបង្ហាញទិន្នន័យទទួលបានពីផ្កាយរណប (Suomi NPP) និងទិន្នន័យបានពីផ្កាយរណបជាច្រើនទៀតកាលពីថ្ងៃទី១៥ ខែកុម្ភៈ បង្ហាញថា ប្រទេសថៃមានតំបន់ក្តៅ រហូតដល់១.៨៧០តំបន់ ។
ទិន្នន័យពីផ្កាយរណបបញ្ជាក់ទៀតថា ចំណែកប្រទេសជិតខាង គឺប្រទេសកម្ពុជាមានតំបន់ក្តៅច្រើនជាងគេ ស្មើនឹង២.៣៤៨តំបន់, មីយ៉ាន់ម៉ា ១.៣៩៥តំបន់, ឡាវ ១.០៦៤តំបន់ និងវៀតណាម ៥៧៥តំបន់ ៕










