ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន គេអាចប្រែក្លាយផ្លែម្នាស់ឱ្យក្លាយជាកាបូបស្បែកប្រណីតមានគុណភាពល្អ និងមានតម្លៃខ្ពស់ ។ នេះជាគំនិតរបស់ក្រុមហ៊ុននៅប្រទេសហ្វីលីពីនឈ្មោះ «Ananas Anam» ដោយក្រុមហ៊ុននេះបានធ្វើឱ្យអតិថិជនរបស់ខ្លួនស្រឡាញ់កាបូបផលិតពីផ្លែម្នាស់ និងភ្លេចកាបូបផលិតពីស្បែកសត្វ ។
ចាប់ពីពេលនេះតទៅ សម្រាប់អ្នកដែលចង់មានកាបូបស្អាតៗទុកស្ពាយពេលចេញដើរទៅណាមកណា គឺពួកគេពុំចាំបាច់ទិញកាបូបផលិតពីស្បែកសត្វទៀតទេ ដោយសារកាបូបស្បែកសត្វនេះតម្រូវឱ្យមានការសម្លាប់សត្វ ដើម្បីយកស្បែករបស់វាមកផលិតជាកាបូប ។ បច្ចុប្បន្ននេះ គេអាចប្រែក្លាយផ្លែម្នាស់សម្រាប់ផលិតជាកាបូបស្បែកមានគុណភាពល្អ និងតម្លៃខ្ពស់ ។
ក្រុមហ៊ុន Ananas Anam បញ្ជាក់ថា ស្បែកផលិតពីផ្លែម្នាស់ គឺជាស្បែកសិប្បនិម្មិតឈ្មោះថា «Pinatex» ។ គេអាចយកស្បែកប្រភេទនេះទៅផលិតជាផលិតផលជាច្រើនប្រភេទ ដូចជា ៖ កាបូប, ស្បែកជើងធម្មតា, ស្បែកជើងកវែង, ស្បែកកៅអីរថយន្ត, ស្បែកសម្រាប់គ្រឿងសង្ហារិម, ខ្សែក្រវ៉ាត់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ។ ប៉ុន្តែសម្ភារៈដែលទទួលបានការពេញនិយមបំផុតពីអតិថិជន គឺកាបូបស្បែក ។
បើតាមអ្នកប្រើប្រាស់កាបូបស្បែកផលិតពីផ្លែម្នាស់ប្រាប់ថា រូបរាងរបស់កាបូបស្បែកសិប្បនិម្មិតនេះ គឺមានសភាពដូចគ្នានឹងស្បែកសត្វទូទៅដែរ ពីព្រោះកាបូបភាគច្រើនអាចការពារការជ្រាបទឹកបានយ៉ាងល្អ ហើយវាមានរូបភាពស្អាតទាក់ទាញអតិថិជនទៀតផង ។
ស្បែកសិប្បនិម្មិត «Pinatex» គឺជាស្បែកផលិតពីសរសៃធម្មជាតិផ្សំឡើងពីស្លឹកម្នាស់ ព្រមទាំងសមាសធាតុផ្លាស្ទិក ។ ស្បែកសិប្បនិម្មិតមានទំហំតូចល្មម គឺក្រុមហ៊ុនបានប្រើប្រាស់ស្លឹកម្នាស់ប្រមាណ៤៨០សន្លឹក ។ រីឯការលក់វិញ គឺស្បែកសិប្បនិម្មិត១ផ្ទាំងតូចមានតម្លៃប្រមាណ២៥ដុល្លារអាមេរិក ប៉ុន្តែបើកែច្នៃវាឱ្យក្លាយជាកាបូបហ្វ្រែនៗនោះ គឺវាមានតម្លៃចាប់ពី៥៧ដុល្លារ ទៅ១៤២ដុល្លារអាមេរិក ។ កាបូបទាំងនេះមានពណ៌ជាច្រើនសម្រាប់ឱ្យអតិថិជនជ្រើសរើសទៀតផង មិនមែនមានតែ១ពណ៌ទេ ។
ចំណែកគុណសម្បត្តិរបស់ស្បែកសិប្បនិម្មិត «Pinatex» គឺវាអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ប៉ុន្តែនៅប្រទេសហ្វីលីពីនមានចម្ការម្នាស់មិនច្រើនទេ ។ ហេតុនេះ កសិករហ្វីលីពីននឹងមានឱកាសអាចស្វែងរកប្រាក់ចំណូលបន្ថែមទៀត ប៉ុន្តែពួកគេត្រូវមានចំណេះដឹងផ្នែករក្សាទុកម្នាស់ផងដែរ ដូចជា ៖ វិធីរក្សាទុកម្នាស់នៅកន្លែងស្ងួត និងកន្លែងត្រជាក់ ៕










