ពិតជាធម្មតាមែនសម្រាប់ភាពយន្តខ្មែរមានចំណងជើងថា «ម៉ែក្រឡាភ្លើង» ដែលជាភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្ត្រា ហ្វៀម ត្រូវបានប្រទេស ឥណ្ឌូណេស៊ី ទិញសិទ្ធិចាក់បញ្ចាំងនិងទិញសិទ្ធិក្នុងការផលិតខ្សែភាពយន្តនេះឡើងវិញជាទម្រង់នៃប្រទេសឥណ្ឌូណេស៊ី។ ស្របពេលជាមួយគ្នានេះអគ្គនាយិកាផលិតកម្មលោកស្រី ប៊ុន ចាន់និមល បានលើកឡើងយ៉ាងខ្លីថា «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក»។
កាលពីចុងឆ្នាំ២០២៣ ភាពយន្ត «ម៉ែក្រឡាភ្លើង» បានបំបែកកំណត់ត្រាចាក់បញ្ចាំងនៅប្រទេសកម្ពុជាជាភាពយន្តខ្មែររកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការចាក់បញ្ចាំងរឿងខ្មែរថែមទាំងដណ្តើមបានតារាងលេខ១ទាំងភាពយន្តជាតិនិងអន្តរជាតិដែលបានបញ្ចាំងក្នុងរោងកុន។ ភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ដែលជាភាពយន្តឆ្លុះបញ្ចាំងអំពីជំនឿខ្មែរ រួមទាំងទឹកចិត្តក៏មហិមារបស់ម្តាយនៅតែតាមថែរក្សាកូនទោះបីជាស្លាប់ទៅជាខ្មោចហើយក៏ដោយដែលធ្វើឱ្យទស្សនិកជនទស្សនាហើយកំសត់ស្រក់ទឹកភ្នែកតាម។
អ្វីដែលកាន់តែពិសេសតាមការបញ្ជាក់ផ្លូវការពីផលិតកម្ម សាស្រ្តា ហ្វៀម នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៤ ភាពយន្តខ្មែរមួយនេះត្រូវបានប្រទេសក្នុងតំបន់អាស៊ាន គឺ ឥណ្ឌូនេស៊ី ទិញសិទ្ធិយករឿងនេះទៅផលិតឡើងវិញ។ ការប្រកាសនោះបានបញ្ជាក់សេចក្តីថា៖
ក្រោយផ្ទុះការគាំទ្រយ៉ាងច្រើនកុះករ នៅឯចុងឆ្នាំ ២០២៣ នៃខ្សែភាពយន្តខ្នាតធំរឿង «ម៉ែក្រឡាភ្លើង» ពីទស្សនិកជននៅក្នុងប្រទេសកម្ពុជាឥឡូវនេះខ្សែភាពយន្តខ្នាតធំរឿង «ម៉ែក្រឡាភ្លើង» ត្រៀមខ្លួនបង្ហាញនៅលើឆាកអន្តរជាតិ ជាច្រើនប្រទេស។ ដោយក្នុងនោះ ប្រទេស ឥណ្ឌូណេស៊ី បានទិញសិទ្ធិចាក់បញ្ចាំងរឿង ក៏ដូចជាទិញសិទ្ធិក្នុងការផលិតខ្សែភាពយន្តនេះឡើងវិញ ជាទម្រង់នៃប្រទេស ឥណ្ឌូណេស៊ី។
ខ្សែភាពយន្តខាងលើនេះ ជាខ្សែភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្ម សាស្ត្រា ហ្វៀម ដែលត្រូវបានទិញសិទ្ធិក្នុងការផលិតឡើងវិញ ហើយក៏ជាជំហានថ្មីមួយរបស់ សាស្ត្រា ហ្វៀម ដែលព្យាយាមនាំភាពយន្តខ្មែរទៅលើឆាកអន្តរជាតិ។ ភាពជោគជ័យមួយនេះ កើតចេញពីការគាំទ្រ យ៉ាងច្រើនកុះករពីទស្សនិកជននៅក្នុងប្រទេសកម្ពុជាទាំងស្រុង រហូតធ្វើអោយទីផ្សារអន្តរជាតិចាប់ផ្តើមទទួលស្គាល់គុណភាពនៃខ្សែភាពយន្តខ្នាតធំដែលបានផលិតដោយ សាស្ត្រា ហ្វៀម។ ដោយការទិញសិទ្ធិនេះផងដែរ គឺត្រូវបានទិញសិទ្ធិដោយផលិតកម្ម Falcon Pictures Indonesia នៅក្នុងប្រទេស ឥណ្ឌូណេស៊ី ផ្ទាល់តែម្តង។
ដោយឡែក ក្រៅពីប្រទេស ឥណ្ឌូណេស៊ី ផលិតកម្មក៏កំពុងតែចរចាចាក់បញ្ចាំងខ្សែភាពយន្តមួយនេះនៅក្នុងប្រទេសផ្សេងៗទៀត ហើយក្នុងនោះមាន៣ប្រទេសដែលបានកំណត់ថ្ងៃចាក់រួចរាល់គឺ ប្រទេសថៃ ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៩ កុម្ភៈ ២០២៤ តទៅ។ ជាមួយភាពជោគជ័យនេះផលិតកម្មមួយនេះបានសន្យានឹងពង្រឹងគុណភាពខ្សែភាពយន្តឱ្យកាន់តែល្អ និងសាច់រឿងឱ្យកាន់តែមានគុណភាព ជូនអ្នកគាំទ្រ។
ជោគជ័យជំហានថ្មីនេះផងដែរ លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកា ផលិតកម្មសាស្រ្តា ហ្វៀម បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងខ្លីថា «ភាពយន្តខ្មែរ ឆ្ពោះទៅកាន់ពិភពលោក»៕










