ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់នូវសិទ្ធិ និងផលប្រយោជន៍ផ្សេងៗផ្នែកពន្ធដល់បណ្តាវិនិយោគិនបរទេស ។ ការផ្តល់សិទ្ធិ និងផលប្រយោជន៍ពន្ធនេះ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសសម្រាប់អភិវឌ្ឍន៍តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ។
ការវិនិយោគផ្នែកអភិវឌ្ឍន៍តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នេះ ក្រុមហ៊ុននានានឹងត្រូវបង់ពន្ធលើប្រាក់ចំណូលអាជីវកម្មត្រឹមតែ១០% ប៉ុណ្ណោះក្នុង១ឆ្នាំ សម្រាប់រយៈពេល១៥ឆ្នាំ ។ ហេតុនេះ វិនិយោគិនបរទេសនឹងទទួលបានការលើកលែងពន្ធក្នុងរយៈពេល៤ឆ្នាំដំបូង ព្រមទាំងទទួលបានការកាត់បន្ថយពន្ធរហូតដល់៥០% ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់សរុបចំនួន៣កន្លែង រួមមាន ៖ នៅទីក្រុងហូជីមិញ, តំបន់ Hoa Lac ស្ថិតនៅភាគនិរតីនៃក្រុងហាណូយ និងនៅទីក្រុងដាណាង ។
គណៈកម្មការគ្រប់គ្រងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅតំបន់ Hoa Lac លើកឡើងថា ការកំណត់គោលនយោបាយផ្សេងៗដែលជាប្រយោជន៍ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងទិដ្ឋាការរយៈពេលវែងសម្រាប់បណ្តាអ្នកជំនាញ ដែលធ្វើការនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ជាបញ្ហាចាំបាច់ផងដែរដែលរដ្ឋាភិបាលវៀតណាមត្រូវតែគិតគូរ ។
ចំណែកគណៈកម្មការគ្រប់គ្រងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងដាណាង លើកឡើងថា ក្នុងរយៈពេលវែង ច្បាប់ពាក់ព័ន្ធនឹងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នេះ គួរតែបំបែកចេញពីគ្នាដើម្បីផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍ ៕










