រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបន្ថែមជាឧបនាយករដ្ឋមន្ត្រី នេះបើយោងតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ មានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបមាន៖

  • ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
  • លោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
  • លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជួនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពី ការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញដែរ៕