បរទេស៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលមកពីវិទ្យាស្ថានបច្ចេកវិទ្យា Technion-Israel បានស្នើគំនិតដ៏មានសក្តានុពលមួយ ដោយប្រើប្រាស់ឆ័ត្រយក្សបង្ហោះលើទីអវកាស ក្នុងគោលបំណងរារាំងកាំរស្មីព្រះអាទិត្យ ដើម្បីកាត់បន្ថយកម្តៅផែនដី។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសារព័ត៌មានអន្តរជាតិមួយ បានឱ្យដឹងថា បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រអាកាសធាតុកំពុងបង្កើតឆ័ត្រយក្សមួយដែលមានទំហំប្រមាណ ២.៦ លានគីឡូម៉ែត្រការ៉េ ស្មើនឹងទំហំនៃប្រទេសអាហ្សង់ទីន ដែលវានឹងជួយបាំងពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយឥទ្ធិពលនៃការឡើងកំដៅផែនដី។
គំនិតដ៏អស្ចារ្យនេះ បានមកពីក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលដែលជឿគេថា ការបង្កើតឆ័ត្រយក្សទៅបង្ហោះលើអាកាសអាចកាត់បន្ថយសីតុណ្ហភាពរបស់ផែនដីបាន ២.៧ អង្សាក្នុងរយៈពេលពីរឆ្នាំ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានត្រៀមខ្លួនរួចរាល់សម្រាប់ការសាងសង់របាំងយក្សដំបូងបង្អស់របស់ខ្លួនដែលមានទំហំធំជាង ៩,៣ លានម៉ែត្រការ៉េក្នុងតម្លៃប្រមាណ ២០ លានដុល្លារអាមេរិក ដោយពួកគេបាននិយាយថាគម្រោងនេះនឹងអាចសម្រេចបាននៅឆ្នាំ ២០២៧។
ទោះជាយ៉ាងណាក៏ដោយ លោក Avi Loeb រូបវិទូនៅសាកលវិទ្យាល័យ Harvard បានអត្ថាធិប្បាយលើគម្រោងនេះថា “ការដំឡើងរបាំងការពារព្រះអាទិត្យនៅលើលំហអាកាស” នឹងមានតម្លៃថ្លៃណាស់ ហើយទាមទារឱ្យមានកិច្ចសហការជាអន្តរជាតិដ៏ធំមួយ តាមរយៈការបែងចែកមូលនិធិពីថវិកាយោធា ទៅជាគោលបំណងសន្តិភាព។
គួរបញ្ជាក់ដែរថា ការកាត់បន្ថយពន្លឺ ឬរារាំងព្រះអាទិត្យដើម្បីធ្វើឱ្យផែនដីត្រជាក់ គឺជាផែនការមួយក្នុងចំណោមអ្នកវិទ្យាសាស្ត្រជាច្រើន។ នៅឆ្នាំ២០២១ គំនិតផ្តួចផ្តើមចំនួន ៣ លានដុល្លាររៀបចំដោយ Bill Gates បានបង្ហាញថាការស្រាវជ្រាវនេះមិនទទួលលទ្ធផលជោគជ័យទេ។
ហើយកាលពីឆ្នាំមុន សេតវិមានក៏បានប្រកាសដែរថា ខ្លួននឹងបើកចំហចំពោះផែនការទប់ស្កាត់ពន្លឺព្រះអាទិត្យមិនឱ្យមកលើផ្ទៃផែនដី ក្នុងគោលបំណងបញ្ឈប់ការឡើងកំដៅផែនដី ប៉ុន្តែផែនការទាំងអស់នេះគ្មានភាពពេញលេញនោះទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអ៊ីស្រាអែលរំពឹងថានឹងមានគំរូពេញលេញក្នុងរយៈពេលបីឆ្នាំខាងមុខ ហើយគម្រោងរបស់ក្រុមនេះនឹងទទួលបានលទ្ធផលជោគជ័យនាពេលអនាគត៕










