ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ហាងលក់ទំនិញ 7-Eleven នៅប្រទេសជប៉ុន នឹងត្រៀមបើកដំណើរការហាងខ្នាតតូចដោយពុំមានបុគ្គលិក ។ ហេតុនេះ អតិថិជនទាំងអស់អាចមកទិញទំនិញក្នុងហាង និងទូទាត់ប្រាក់ថ្លៃទំនិញដោយខ្លួនឯង ហើយគេបានសាកល្បងរួចហើយនៅទីក្រុងតូក្យូ និងអូសាកា ។
ការចាប់ផ្តើមបង្កើតគំនិតបើកហាងលក់ទំនិញគ្មានបុគ្គលិកបែបនេះ កើតឡើងដោយសារការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងក្នុងឧស្សាហកម្មលក់រាយនៅប្រទេសជប៉ុន និងដើម្បីវាយលុកទីផ្សារក្នុងស្រុកផងដែរ ។ កាលពីមុន គេពុំអាចបង្កើតហាងលក់ទំនិញតូចៗបានទេ ដូចជា ៖ នៅតាមខុនដូ ឬរោងចក្រ ។
ចំណែកទំនិញ និងសម្ភារៈផ្សេងៗដែលនឹងដាក់លក់នៅក្នុងហាង 7-Eleven ខ្នាតតូចនេះ គឺមានទំនិញទូទៅ ដូចជា ៖ ម្ហូបអាហារជប៉ុន និងនំប៉័ង ព្រមទាំងមានអាហារពេលថ្ងៃត្រង់ដាក់ប្រអប់, កាហ្វេ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ។ ទំនិញដាក់លក់ក្នុងហាង 7-Eleven គ្មានបុគ្គលិកនេះ គឺមានបរិមាណតិចជាងពាក់កណ្តាលនៃចំនួនទំនិញរបស់ហាង 7-Eleven ធម្មតា ។
ការប្រើប្រាស់សេវាកម្មរបស់ហាង 7-Eleven គ្មានបុគ្គលិកបម្រើការ គឺអតិថិជនត្រូវប្រើប្រាស់កម្មវិធីរបស់ 7-Eleven ដើម្បីស្កេន QR Code ចូលក្នុងហាងទំនិញ ។ បន្ទាប់មក អតិថិជនត្រូវស្កេន Barcode របស់ទំនិញដែលពួកគេចង់ទិញ ព្រមទាំងទូទាត់ប្រាក់តាមរយៈកាតឥណទាន ឬវិធីទូទាត់ផ្សេងៗ ដោយពុំចាំបាច់រង់ចាំសេវាកម្មពីបុគ្គលិកផ្នែក Cashier ។
ទោះយ៉ាងណា នៅហាងលក់ទំនិញ 7-Eleven ខ្នាតតូចនេះ ត្រូវមានបុគ្គលិកនៅប្រចាំការម្នាក់សម្រាប់ធ្វើការផ្នែកផ្សេងទៀត ដូចជា ៖ ការប្រមូលទំនិញចូលស្តុក ។ គេចាត់ទុកថា ជប៉ុនជាប្រទេសមានបច្ចេកវិទ្យារីកចម្រើនខ្លាំងនៅលើពិភពលោក ហើយពលរដ្ឋជប៉ុនភាគច្រើនមានទម្លាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទើបការបើកហាង 7-Eleven គ្មានបុគ្គលិកនេះលេចរូបរាងឡើង ៕










