យោងតាមប្រភពឯកសារ«ការវាយប្រហារត្រីឆ្លាមអន្តរជាតិ»របស់សាកលវិទ្យាល័យ Florida បានឱ្យដឹងថា មានការវា.យប្រ.ហារដោយត្រី.ឆ្លាមចំនួន ៦៩ លើកក្នុងឆ្នាំ ២០២៣ ដែលខ្ពស់ជាងអំឡុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយការវាយប្រហារជាមធ្យមមានចំនួន ៦៣ លើកក្នុងមួយឆ្នាំៗ។
ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ថា ប្រទេសអូស្ត្រាលីបានទទួលរងនូវការវាយប្រហារពីត្រីឆ្លាមចំនួន ២២% នៃស្ថិតិសរុប ប៉ុន្តែមានចំនួន ៤០% ប៉ុណ្ណោះនៃអ្នកស្លាប់។ ចំណែក ការវាយប្រហារដោយត្រីឆ្លាមផ្សេងទៀតបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក បាហាម៉ាស អេហ្ស៊ីប ម៉ិកស៊ិក និងរដ្ឋ New Caledonia ។ សហរដ្ឋអាមេរិកមានការវាយប្រហារដោយត្រីឆ្លាមចំនួន ៣៦ករណី ដែលស្មើនឹង ៥២% នៃស្ថិតិសរុបនៅទូទាំងពិភពលោក។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រីឆ្លាមអាចខាំមកលើមនុស្សបាន ព្រោះថាមនុស្សមួយចំនួនបានការចូលទៅជិតត្រីឆ្លាមដោយចេតនា ឬហែលទឹកនៅក្នុងតំបន់ដែលគេហាមឃាត់។
ត្រីឆ្លាមមួយចំនួនបានខាំមកលើមនុស្សអាចគ្រាន់តែជា “ការខាំសាកល្បង” ពោលគឺត្រីឆ្លាមស្មានថាជាអាហារសមុទ្ររបស់ពួកវា ទើបពួកវាខាំតែម្តង ហើយក៏ហែលទៅឆ្ងាយបាត់។ ទោះជាយ៉ាងណា ប្រភេទត្រីឆ្លាមខ្លះមានទំហំធំល្មមដែលខាំតែមួយដងក៏អាចបណ្តាលឲ្យមនុស្សបាត់បង់ជីវិតបានផងដែរ។
ម៉្យាងវិញទៀត ការកើនឡើងនៃការវាយប្រហារដោយត្រីឆ្លាមជារឿយៗគឺ ដោយសារមនុស្សកាន់តែច្រើនបាននឹងកំពុងចំណាយពេលប្រមូលផ្តុំគ្នានៅក្នុងទឹកសមុទ្រនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ដែលមានធាតុអាកាសធាតុថ្ងៃក្តៅខ្លាំង អាចជាការទាក់ទាញដល់ត្រីឆ្លាម។
ក្រុមអ្នកស្រាវជ្រាវក៏បានណែនាំឲ្យមនុស្សអាចចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីជៀសពីត្រីឆ្លាមដូចជា៖ លេងទឹកនៅជិតៗច្រាំង, ជៀសវាងតំបន់ហាមឃាត់, កុំហែលទឹកនៅពេលព្រឹកព្រលឹម, ហែលទឹកជាមួយមិត្តភក្ដិ ព្រោះត្រីឆ្លាមទំនងជាវាយប្រហារពេលយើងនៅម្នាក់ឯង, និងពាក់គ្រឿងអលង្ការភ្លឺចាំងដើម្បីទុកការពារខ្លួនពីពួកវាផងដែរ៕










