ប្រទេសជប៉ុន៖ ត្រីបាឡែនឃាតករចំនួន ១០ ក្បាលត្រូវបានជាប់គាំងក្នុងសមុទ្រទឹកកកនៅភាគខាងជើងនៃកោះ Hokkaido របស់ប្រទេសជប៉ុន។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម CNN បានឱ្យដឹងថា ត្រីបាឡែនឃាតករប្រមាណ ១០ ក្បាលត្រូវបានប្រទះឃើញជាប់គាំងក្នុងទឹកសមុទ្រទឹកកក ដោយពួកវាកំពុងព្យាយាមរកកន្លែងដើម្បីដកដង្ហើម ប៉ុន្តែមន្ត្រីឆ្នេរមិនអាចជួយពួកវាបានទេ ដោយត្រូវរង់ចាំរហូតដល់ទឹកកករលាយសិន។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ដោយអ្នកនេសាទក្នុងតំបន់បានប្រទះឃើញត្រីបាឡែនជាប់គាំង ហើយក៏បានជូនដំណឹងដល់អាជ្ញាធរឆ្នេរសមុទ្រនៅរ៉ាស៊ូភ្លាមៗ។ ទោះជាយ៉ាងណា មន្ត្រីឆ្នេរបាននិយាយថា ពួកគេមិនអាចជួយត្រីបាឡែនបានទេ ដោយសារតែទឹកកកក្រាស់ពេក។ មន្ត្រីឆ្នេរក៏បានបន្តទៀតថា ពួកគេគ្មានជម្រើសអ្វីក្រៅពីរង់ចាំឱ្យទឹកកករលាយនោះទេ។ លើសពីនេះ កង្វះខ្យល់នៅក្នុងតំបន់នោះបានរារាំងទឹកកកមិនឱ្យផ្លាស់ទីទៅកន្លែងណាផ្សេងទៀតឡើយ ដូច្នេះក្រុមត្រីបាឡែននេះប្រហែលជាអាចបាត់បង់ជីវិត ប្រសិនបើពួកវាហែលទៅឆ្ងាយមិនកើត។
យោងតាមរូបភាពយន្តហោះគ្មានមនុស្សបើករបស់ក្រុម Wildlife Pro LLC ដែលជាអង្គការការពារសត្វក្នុងស្រុក បានបង្ហាញឱ្យឃើញថា ត្រីបាឡែនឃាតករបានជាប់ក្នុងរន្ធតូចៗ ដែលពួកវាកំពុងតស៊ូក្នុងគម្លាតតូចចង្អៀតមួយរវាងលំហូរទឹកកក។ អង្គការនេះបាននិយាយថា ខ្លួនបានជួបប្រទះត្រីបាឡែនដែលជាប់គាំងនៅក្នុងសមុទ្រទឹកកកបែបនេះជាច្រើលើកហើយ ខណៈពេលកំពុងធ្វើការស្រាវជ្រាវលើសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើ Facebook ។ បុគ្គលិក Wildlife Pro LLC ដែលថតវីដេអូ ក៏បាននិយាយដែរថា “កាលពីមុនយើងបានឃើញត្រីបាឡែនឃាតករប្រហែល ១៣ ក្បាលជាប់គាំងក្នុងរន្ធទឹកកកផងដែរ” ពួកគេហាក់ដូចជាពិបាកដកដង្ហើមខ្លាំងណាស់។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលត្រីបាឡែនឃាតករបានជាប់គាំងក្នុងសមុទ្រទឹកកក។ កាលពីឆ្នាំ ២០០៥ ត្រីបាឡែនឃាតករមួយក្រុមក៏បានជាប់នៅក្នុងទឹកកកដែលរសាត់ចេញពីឆ្នេរសមុទ្រនៃទីក្រុង ហើយក្រោយមកពួកវាក៏បានស្លាប់ ដោយសារកង្វះខ្យល់នៅក្នុងតំបន់នេះ ធ្វើឱ្យទឹកកកដែលជាប់គាំង Orcas គឺនៅទ្រឹង។ ដូច្នេះហើយ ទឹកកកសមុទ្រតែងតែក្របដណ្តប់ឆ្នេរកោះហុកកៃដូរៀងរាល់រដូវរងា ហើយវាគឺជាទឹកកកសមុទ្ររយៈទទឹងទាបបំផុតក្នុងពិភពលោក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតបានធ្លាក់ចុះដោយសារការឡើងកំដៅផែនដីកើនឡើង៕










