ក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោក(Grammy) នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ Miley Cyrus បានឈ្នះពានរង្វាន់ចំនួនពីរសម្រាប់ Best Pop Solo និង Record of the Year ទៅលើបទចម្រៀងរបស់នាងមានចំណងជើងថា Flowers ។ នេះគឺជាលើកដំបូងហើយដែលតារាចម្រៀងរូបនេះទើបមានឱកាសឈ្នះពានរង្វាន់ Grammys ក្នុងអាជីពរបស់ខ្លួនអស់រយៈពេលជិត២ទស្សវត្សរ៍មកនេះ។
បទ «Flowers» របស់ Miley Cyrus មានភាពល្បីល្បាញយ៉ាងខ្លាំងជាបទមានសំឡេងរាំបែបប៉ុប លាយឡំ និងឌីស្កូ ដែលទំនុកច្រៀងនិយាយពីភាពរីករាយរបស់នារីម្នាក់ពេលត្រលប់មកជីវិតនៅលីវមានស៊េរីភាពវិញ។ មួយបទនេះ បានឈរនៅលើកំពូលតារាង Billboard Hot 100 អស់រយៈពេល៨សប្តាហ៍បន្ទាប់ពីបទនេះទម្លាក់លើទីផ្សារ និងបានបំបែកកំណត់ត្រារបស់ Spotify សម្រាប់ការស្ទ្រីមរយៈពេលតែមួយសប្តាហ៍មានអ្នកស្តាប់ច្រើនជាង ១០០ លាននាក់។ ប៉ុន្មានខែបន្ទាប់ពីការចេញផ្សាយរបស់វា វាបានក្លាយជាបទចម្រៀងលឿនបំផុតដែលឈានដល់ការស្តាប់មួយពាន់លានដង។
គួរបញ្ជាក់ថា Miley Cyrus អាយុ៣១ឆ្នាំ ទទួលបានភាពល្បីល្បាញក្នុងវ័យជំទង់កាលពីឆ្នាំ ២០០៦ នៅពេលដែលនាងបានសម្តែងក្នុងរឿងភាគរបស់ Disney Channel Hannah Montana ដើរតួជាក្មេងស្រីដែលរស់នៅក្នុងជីវិតជាសិស្សផង និងជាតារាប៉ុបផង។ តារាចម្រៀងអាម៉េរិករូបនេះធ្លាប់ត្រូវបានបញ្ចូលក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ២០០៨ និង ២០១៤ ។ បទចម្រៀងល្បីៗរបស់នាងរួមមាន: Malibu, We can’t Stop , Wrecking Ball, និងបទ Adore you ជាដើម៕










